រយៈពេល៤ខែ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបន្តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២២៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣,២៧ពាន់លានដុល្លារអាម៉េរិក ដែលប្រទេសចិនជាប្រភទទុនច្រើនជាងលំដាប់ទី១។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២២៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២៧ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥ម៉ឺនកន្លែង។ ការថ្លែងរបស់សម្តេចធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសានេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។


ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក គ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ CDC។
CDC បញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។
ក្នុងត្រីមាស ទី១ ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារ ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។
ដោយឡែកក្នុងខែមីនាកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០គម្រោង ក្នុងទុនវិនិយោគប្រមាណ ១.៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៥ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ២គម្រោង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី