រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក Marco Rubio បានសន្ទនាតាមរយៈការហៅទូរស័ព្ទជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son កាលពីថ្ងៃទី២៣ ខែមករា គឺប៉ុន្មានថ្ងៃក្រោយលោក Donald Trump ស្បថចូលកាន់តំណែងរដ្ឋបាលថ្មី។
លោក Rubio បានជំរុញទីក្រុងហាណូយឱ្យដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ហើយក៏បានពិភាក្សាអំពីការព្រួយបារម្ភរួមគ្នាអំពីប្រទេសចិន។


សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបាននិយាយថា នៅក្នុងជំនួបនេះ លោក Rubio និងលោក Bui Thanh Son បានសាទរចំពោះខួបលើកទី៣០នៃទំនាក់ទំនងរវាងអាមេរិក និងវៀតណាម និងវឌ្ឍនភាពដែលធ្វើឡើងក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២៣។ ជំនួបដដែលនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការព្រួយបារម្ភក្នុងតំបន់ ព្រមទាំងឥរិយាបថឈ្លានពានរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
ទន្ទឹមនឹងការសរសើរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសទាំងពីរ លោក Rubio បានលើកទឹកចិត្តវៀតណាមឱ្យដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។

សូមជម្រាបថា តួលេខរបស់សហរដ្ឋអាមេរិកបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយវៀតណាមបានលើសពី ១១០ពាន់លានដុល្លារក្នុងរយៈពេល ១១ខែដំបូងឆ្នាំ២០២៤ ខណៈដែលការនាំចេញពីមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍បានកើនឡើងចំពេលមានការធ្លាក់ចុះនៃរូបិយប័ណ្ណរបស់ខ្លួនធៀបនឹងប្រាក់ដុល្លារ។
ទោះបីជាប្រទេសវៀតណាមបានក្លាយជាដៃគូសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែគម្លាតពាណិជ្ជកម្មដ៏ធំត្រូវបានអ្នកវិភាគមើលឃើញថា ជាហានិភ័យចម្បងសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញចំពេលមានការគំរាមកំហែងពីប្រធានាធិបតី Donald Trump អំពីពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។

ទិន្នន័យរបស់សហរដ្ឋអាមេរិកបានបង្ហាញពីការកើនឡើងជិត ១៨% នៅក្នុងឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយវៀតណាម បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការណ៍នេះបញ្ជាក់ថា ប្រទេសដែលគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះ មានអតិរេកពាណិជ្ជកម្មខ្ពស់បំផុតទី៤ជាមួយសហរដ្ឋអាមេរិក ដែលឈរនៅកំពូលដោយប្រទេសចិន សហភាពអឺរ៉ុប និងម៉ិកស៊ិក។
ក្រុមហ៊ុនធំៗនៃពហុជាតិសាសន៍របស់សហរដ្ឋអាមេរិក កំពុងវិនិយោគនៅប្រទេសវៀតណាម រួមមាន៖ ក្រុមហ៊ុន Apple, Google, Nike និង Intel ជាដើម៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP