នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កាលពីមុនការផ្តល់កម្ចីក្រៅផ្លូវការភាគច្រើនផ្តល់ដោយចិន។ តែថ្មីៗនេះ បានលេចឡើងជនជាតិឥណ្ឌា ដែលបានផ្តល់ប្រាក់កម្ចីក្នុងរូបភាពជាការរាប់លុយ មានការប្រាក់ប្រមាណ ២០ ភាគរយ។ នោះមានន័យថា បើគេផ្តល់កម្ចី ១០០ដុល្លារ ត្រូវបង់សង ៥ដុល្លារក្នុងមួយថ្ងៃ រយៈពេលដល់ទៅ ២៤ ថ្ងៃឯណោះ។
![](https://www.millionstimes.com/wp-content/uploads/2024/04/Telegram-icon.png)
![](https://www.millionstimes.com/wp-content/uploads/2024/12/458304266_534446632434213_295203143999936498_n.jpg)
បណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ជនជាតិឥណ្ឌាទាំងនោះ កំពុងផ្តល់កម្ចីលក្ខណៈតូចៗទៅតាមភូមិ និងតាមផ្ទះជួលរបស់កម្មករ នៅក្នុងសង្កាត់កាកាបជាដើម។ លោកបន្ថែមទៀតថា សកម្មភាពផ្តល់កម្ចីក្រៅផ្លូវការទម្រង់នេះកំពុងរីករាលដាលខ្លាំង ដោយសារការផ្តល់ឥណទានបែបនេះ មានភាពងាយស្រួល ហើយក៏មានការប្រាក់ខ្ពស់ផងដែរ តែប្រជាពលរដ្ឋភាគច្រើននៅតែក៏ចូលចិត្តយកកម្ចីបែបនោះ ដោយសារចំណេះដឹងហិរញ្ញវត្ថុនៅមានកម្រិត។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Fresh News។
ងាកមកមើលពីរបៀបដែលផ្ដល់កម្ចីមិនផ្លូវការរបស់ជនជាតិឥណ្ឌានោះ មាន ២ ទម្រង់ផ្សេងគ្នា ដោយដំបូងឡើយ គឺក្នុងរូបភាពលក់ សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយតម្រូវឲ្យអ្នកទិញបង់រំលស់សងប្រចាំថ្ងៃ តាមកម្រិតនៃតម្លៃទំនិញ។ ចំណែកសកម្មភាពមួយទៀត គឺផ្តល់កម្ចី ១០០ដុល្លារ ត្រូវបង់សងវិញមួយថ្ងៃ ៥ដុល្លារ រយៈពេល២៤ថ្ងៃ ដែលបើគិតជាអត្រាប្រាក់គឺ ២០ភាគរយ។ នេះជាការលើកឡើងរបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»។ សកម្មភាពផ្តល់កម្ចីរបស់ជនជាតិឥណ្ឌានេះ ភាគច្រើននៅជាយរាជធានីភ្នំខេត្ត និងខេត្តឆ្ងាយៗ ដូចជាប៉ៃលិន រតនគិរី ជាដើម។
![](https://www.millionstimes.com/wp-content/uploads/2024/12/307100214_10222294372450254_4045917510887671739_n-958x715.jpg)
បច្ចុប្បន្ននេះការផ្តល់កម្ចីក្រៅផ្លូវការ បានរីករាលដាលច្រើន ស្របពេលដែលពលរដ្ឋកំពុងធ្លាក់ចុះចំណូល និងមានបំណុល ខណៈអ្នកផ្តល់កម្ចីក្រៅផ្លូវការជាច្រើនមានទាំងជនជាតិខ្មែរ ជនបរទេសផងដែរខណៈត្រាការប្រាក់ក៏ខ្ពស់ផងដែរ។
ក្រោយឃើញសកម្មភាពទាំងនោះ លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា មូលហេតុចម្បងធ្វើឲ្យពលរដ្ឋជាច្រើនជ្រើសរើសយកកម្ចីក្រៅផ្លូវការ ដោយសារចំណេះដឹងហិរញ្ញវត្ថុ ហើយអ្នកខ្លះទៀតយល់ថាវាមានភាពងាយស្រួល និងមិនត្រូវការឯកសារសាំញ៉ាំច្រើន ឬទ្រព្យបញ្ចាំ។ ឃើញបែបនេះធនាគារជាតិនៃកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីលើកកម្ពស់ចំណេះដឹងពលរដ្ឋ ព្រោះនៅពេលដែលពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុច្រើន ពួកគាត់នឹងជ្រើសរើសកម្ចីនៅស្ថាប័នហិរញ្ញវត្ថុផ្លូវការ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖Ky Sereyvath, Tongngy Kaing និង AMS