អ្នកជំនួញផ្នែកអប់រំដ៏ល្បី គួច ម៉េងលី ផ្ដល់ដំបូន្មានមុនបើកអាជីវកម្ម ត្រូវត្រៀមប៉ុន្មានចំណុចធំៗ

អ្នក​ឧកញ៉ា និង​ជា​ម្ចាស់​សាលា​អន្តរជាតិ​ដ៏​ល្បី AIS លោក​វេជ្ជបណ្ឌិត គួច ម៉េងលី មាន​សញ្ជាតិ​ខ្មែរ-អាមេរិក។ សេដ្ឋី​រូប​នេះ ក៏​ជា​អ្នក​ឯកទេស​អប់រំ វេជ្ជបណ្ឌិត ដែល​តែងតែ​ចែករំលែក​ចំណេះដឹង​ផ្សេង​ៗ​ទាំង​ការ​សិក្សា សុខភាព ដល់​មហាជន ក៏​ដូចជា​អ្នក​ធុរកិច្ច​ដូចគ្នា។ ជា​និច្ចកាល​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​មាន​សាលា​ជាច្រើន​សាខា​រូប​នេះ បាន​ឲ្យ​ដំបូន្មាន​ល្អ​ៗ ដល់​សហគ្រិន មិន​ថា​តាម​រយៈ​ការ​បង្ហោះ​សំណេរ និង​វីដេអូ​។

តាមដានជាមួយយើង៖ Million Times

ម្ចាស់​សាលា​អន្តរ​ជាតិ​ដ៏​ល្បី​លោក គួច ម៉េងលី បាន​ឲ្យ​ដឹង​ថា សម្រាប់​អ្នក​ចង់​បើក​ជា​អាជីវកម្ម ត្រូវ​ត្រៀម ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម៖

ចំណុច​ដំបូង​នៃ​ការ​បើក​អាជីវកម្ម អ្នក​រកស៊ី​ត្រូវ​ត្រៀម​ផ្នែក​ហិរញ្ញ​វត្ថុ៖ ក្នុង​ចំណុច​នេះ វេជ្ជបណ្ឌិត គួច ម៉េងលី ចង់​សំដៅ​ទៅ​លើ​ទំហំ​អាជីវកម្ម​ប៉ុណ្ណា ចង់​បាន​ចំណូល​ប៉ុន្មាន? ចំណេញ​ប៉ុន្មាន និង​ត្រូវ​ដឹង​ពី​ចំនួន​លុយ​ដែល​ខ្លួន​ឯង​មាន។ បើ​លោក​អ្នក​ដែល​ចង់​ចេញ​ប្រកប​អាជីវកម្ម​ត្រូវ​ដឹង​ពី​ចំណុច​នេះ​សិន ចាំ​បន្ត​ទៅ​ជំហាន​បន្ទាប់។

ចំណុច​ទី​២ ការ​រៀបចំ Budget (សំដៅ​ដល់​​ផែនការ​ចំណាយ)។ ក្នុង​ចំណុច​បន្ទាប់​នេះ អ្នក​ធ្វើ​អាជីវកម្ម​ត្រូវ​ដឹង​ថា ត្រូវ​ចំណាយ​លើ​អ្វី​ជាមុន​សិន។ ក្នុង​នោះ​មាន​ការ​ចំណាយ​លើ​បុគ្គលិក ថ្លៃ​ទឹក ថ្លៃ​ភ្លើង Tax ថ្លៃ​ជួល និង​សម្ភារៈ​ផ្សេង​ៗ​ជាច្រើន​ទៀត។ មិន​ទាន់​អស់​ឡើយ អ្នក​គ្រប់គ្រង​ត្រូវ​គិត​ទៅ​លើ​ការ​ជប់លៀង​បុគ្គលិក ប្រាក់​បន្ថែម ដែល​អ្វី​ទាំង​អស់​នេះ ហៅ​ថា​គម្រោង​ចាយ។ គម្រោង​ចាយ ឬ​គម្រោង​ចំណាយ​នេះ អាជីវករ​ត្រូវ​មាន​តាំង​ពី A ដល់ Z នៅ​ពេល​មាន​គម្រោង​ចំណូល​ចំណាយ​អស់​ទាំង​នោះ​ហើយ អ្នក​អាច​ឈាន​ទៅ​ដល់​ការ​ធ្វើ cash flow ឬ​លំហូរ​សាច់ប្រាក់​ដែល​មាន។ អ្នកឧកញ៉ា បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង​ថា នៅ​ពេល​មាន cash flow អាច​ធ្វើឲ្យ​អាជីវករ​មិន​ផុត​ដៃ (សំដៅ​ប្រាក់​មាន​ជាប់​រហូត)។

ដូចនេះ​ក្រុមហ៊ុន​ភាគច្រើន​រៀប cash flow មួយ​ឆ្នាំ​ម្ដង ឬ​ក្រុមហ៊ុន​ធំ​ៗ​ខ្លះ​រៀប ៥ ទៅ ១០ ឆ្នាំ​ម្ដង ដើម្បី​បង្ការ​មិន​ឲ្យ​ខែ​ណា​មួយ​ដាច់​លុយ​ឡើយ ព្រោះ​នៅ​ពេល​ដាច់​លុយ គឺ​ក្រុមហ៊ុន​នោះ​រលំ។ ក្នុង cash flow ត្រូវ​សិក្សា​ស៊ី​ជម្រៅ​ពី​ការ​រកស៊ី​របស់​អ្នក​ជំនួញ ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ ត្រូវ​ចំណាយ​លើ​អ្វី​ខ្លះ ត្រូវ​ដឹង​ថា​អ្វី​ដែល​សំខាន់​បំផុត ត្រូវ​វាយ​តម្លៃ​ពី​របស់​ដែល​ត្រូវ​ចាយ ដឹង​ដឹង​ថា​ខែ​ណា​ចំណូល​ចូល​ច្រើន និង​ដឹង​ថា​ខែ​ណា​ចំណូល​បាន​តិច។

ចំណុច​ទី​៣ ទំនាក់ទំនង​ល្អ​ជាមួយ​ធនាគារ lander ញាតិមិត្ត បងប្អូន។ សម្រាប់​ចំណុច​នេះ​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បាន​បញ្ជាក់​ថា ការ​រកស៊ី ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័ន​ធនាគារ ឬ​ក៏​ស្ថាប័ន​ក្រេឌីត​ណា​មួយ ឬ​ចាស់​ទុំ​ណា​មួយ​ដែល​មាន​លុយ និង​ត្រូវ​និយាយ​គ្នា​ទុក​មុន​ពេល​មាន​បញ្ហា។ សម្រាប់​ធនាគារ​លោក​បណ្ឌិត​រូប​នេះ បាន​ឲ្យ​ដឹង​ថា មិន​គួរ​ដូរ​ធនាគារ​ចុះ​ឡើង​ឡើយ ប្រើ​តែ​ធនាគារ​មួយ ដើម្បី​រក្សា​ក្រេឌីត​ឲ្យ​បាន​ល្អ និង​បង់​ឲ្យ​ទៀងទាត់ បង់​គ្រប់​ចំនួន ព្រម​ទាំង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ធនាគារ​ឲ្យ​ជាប់​លាប់​មិន​ថា​ក្នុង​ឱកាស​អ្វី ត្រូវ​មាន​ពាក្យ​ជូនពរ​ផ្សេង​ៗ នៅ​ពេល​ផុត​ដៃ (ខ្វះ​ខាត​លុយ​រយៈពេល​ខ្លី) នោះ​ធនាគារ​ពិតជា​មិន​ទុក​អ្នក​ចោល​ឡើយ។ ម្ចាស់​សាលា AIS រូបនេះ បញ្ជាក់​ថា ក្នុង​ការ​រកស៊ី​ចំណុច​ទី​៣ សំខាន់​ខ្លះ​ណាស់ នៅ​ពេល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ម្ចាស់​ក្រេឌីត៕

អត្ថបទ៖ មេរ៉ា, រូបភាព FB Mengly J. Quach