សភាពាណិជ្ជកម្មកម្ពុជា រៀបចំកម្មវិធីរាត្រីបណ្តាញសមាជិក (Members Networking Night) ដែលរៀបចំឡើងបង្កេីតឱកាសតភ្ជាប់បណ្តាញអាជីវកម្ម ចែករំលែកចំណេះដឹង និងស្វែងរកឱកាសសហការលើកកម្ពស់ខ្សែសង្វាក់តម្លៃរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធីរាត្រីបណ្តាញសមាជិក នាថ្ងៃទី២៧ ខែកញ្ញានេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិចំនួន ១៥០នាក់ ស្ថិតនៅអគារ Urban Village Phase One រាជធានីភ្នំពេញ។
ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា បានថ្លែងថា គោលបំណងចម្បងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីបង្កើតបរិយាកាសដ៏កក់ក្តៅ និងទាក់ទាញ ដល់សមាជិក សមាជិកា ក្នុងការពង្រឹងទំនាក់ទំនង ចែករំលែកការយល់ដឹង និងស្វែងរកមធ្យោបាយដែលមានសក្តានុពលសម្រាប់កិច្ចសហការនានា។
លោកជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងពង្រឹងទំនាក់ទំនងនៅក្នុងសហគមន៍ធុរកិច្ច ស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ការចូលរួមយ៉ាងសកម្មពីសំណាក់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងជាពិសេសក្នុងន័យជម្រុញបរិយាកាស ការធ្វើអាជីវកម្មនានា ក៏ដូចជាផ្តល់អំណោយផលក្នុងគោលបំណងរួមចំណែក ឆ្ពោះទៅរកកំណើន និងភាពធន់នៃសេដ្ឋកិច្ច។
ថ្លែងក្នុងវេទិកានោះដែរ អ្នកជំនាញអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ក៏បានគូសបញ្ជាក់ពីការបង្កើតព្រឹត្តិការណ៍ Members Networking Night នេះឡើងគឺជាឱកាសល្អមែនទែន ដែលដើរតួក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសម្រាប់វិនិយោគិនក្នុងស្រុកបានជួបគ្នាផ្គូរផ្គងពាណិជ្ជកម្មធ្វើយ៉ាងណាត្រៀមទទួលយកអ្នកវិនិយោគិនក្រៅប្រទេសដើម្បីសហការជំរុញវិស័យឯកជនឲ្យកាន់តែរឹងមាំ និងកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះឧកញ៉ា ងួន ម៉េងតិច កីបានលើកទឹកចិត្តដល់អ្នកចូលរួមឱ្យទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនបំផុតពីកម្មវិធីនេះ ដើម្បីឱ្យអ្នកចូលរូមទាំងអស់អាចពង្រីកបណ្តាញអាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងមានប្រសិទ្ធផល ខណៈពេលដែលការស្វែងរកភាពជាដៃគូប្រកបដោយសក្តានុពល គឺនឹងផ្តល់ប្រយោជន៏មិនត្រឹមតែជាការគាំទ្រ និងលើកស្ទួយអាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកឱ្យកាន់តែរឹងមាំលើវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ផ្តល់ឲ្យ