ក្រុមហ៊ុនចំនួន ៥ មកពីអាមេរិក ចាប់អារម្មណ៍នាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដើម្បីនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ការបង្ហាញឆន្ទៈរបស់ក្រុមវិនិយោគអាមេរិកធ្វើឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
គណៈប្រតិភូបានជម្រាបប្រាប់សម្ដេចនាយករដ្ឋមន្រ្តីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។
នាឪកាសនោះ សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។
ទន្ទឹមនឹងនោះ សម្ដេចបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។
ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់គណៈប្រតិភូធុរកិច្ចអាមេរិកឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា។
គួរឲ្យដឹងថា ការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាមេរិកនៅកម្ពុជា មានកម្រិតទាបនៅឡើយ បើទោះបីជាសហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅក្នុងសកលលោក ខណៈទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកក្នុងឆ្នាំ ២០២៣ មានទំហំជាង ៩,១ ពាន់លានដុល្លារ។ ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ៩,២៨ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយបើធៀបឆ្នាំ ២០២១៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី