ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ មានសមត្ថភាពផលិតស្ករក្នុងមួយឆ្នាំ បានប្រមាណ ១៧ម៉ឺនតោន នៅលើផ្ទៃដី ៣០ ០០០ហិកតា សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកនឹងនាំចេញ។ នេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ក្រុមហ៊ុន កំពង់ស្ពឺ សូ៊ហ្គើរ គឺជាក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន LYP Group របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាមហាសេដ្ឋីមុខជំនួញ លី យ៉ុងផាត់ ជាពាណិជ្ជករដ៏មានឥទ្ធិពលក្នុងអាណាចក្រជំនួញប្រទេសកម្ពុជា។ ទីតាំងក្រុមហ៊ុនមួយនេះស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ ចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១០ ដោយមានទុនវិនិយោគសរុប ២២០លានដុល្លារអាមេរិក។ ក្រុមហ៊ុនបានចាប់ផ្ដើមផលិតកម្ម នៅក្នុងឆ្នាំ២០១២ និងដំណើរការពេញលេញនៅឆ្នាំ២០១៤។
ក្រុមហ៊ុនបានទទួលដីសម្បទានសេដ្ឋកិច្ច ៩.៣០០ហិកតារ ស្ថិតនៅក្នុងស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពីរាជរដ្ឋាភិបាល ដើម្បីដាំអំពៅ និងកសាងរោងចក្រស្ករស។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
បើតាមក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ ធ្លាប់បានប្រាប់គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា កាលពីដើមឆ្នាំ២០២៤ ក្រុមហ៊ុនមានផ្ទៃដីដាំអំពៅជិត ៨០ ០០០ហិចតា ហើយបច្ចុប្បន្នដាំបាន ៦៦៥៤,៩២ហិចតា និងមានកម្មករ និយោជិតចំនួន៥៨៨នាក់ក្នុងនោះស្រី៦១នាក់ និងទទួលបានរបបសន្តិសុខសង្គម ប.ស.ស ១០០%។
ក្រុមហ៊ុនបញ្ជាក់ថា ក្នុងការប្រតិបត្តិការបស់ខ្លួន ក្រុមហ៊ុនឈរលើគោលការណ៍ចំនួន ៣ជាសំខាន់ក្នុងការប្រើប្រាស់កំលាំងពលកម្ម រួមមាន៖ ១ ការដាំដុះ ២ ការប្រមូលផល ៣ ដំណើរការផលិតស្ករ ដោយប្រើកម្មករផង និងប្រើប្រាស់ម៉ាស៊ីន ក្នុងការដាំ និងថែទាំ ហើយរយៈពេលទទួលទិន្នផលគឺត្រូវប្រើពេល ១២ខែ ដោយក្នុងមូយហិចតាទទួលបានទិន្នផល២៩,១០តោន ក្រុមហ៊ុនអាចមានលទ្ធភាពកិនអំពៅ បាន២ម៉ឺនតោន/ថ្ងៃ និងចេញជាស្ករឆៅ បាន ២០០០តោន/ថ្ងៃ និងស្ករសបាន ១០០០តោន/ថ្ងៃ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម