សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រគល់ភារកិច្ចឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តដល់អ្នកវិនិយោគនៅតំបន់ភូមិភាគឦសាន្ត ពិសេសលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក ឱ្យបោះទុនវិនិយោគកាន់តែច្រើននៅតំបន់នោះឱ្យបានឆាប់ ឱ្យរួចរាល់នៅចុងឆ្នាំ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តន៍ នៅដើមឆ្នាំ ២០២៥។
ក្នុងសេចក្តីថ្លែងការណ៍ពិសេសពាក់ព័ន្ធនឹងសមិទ្ធផលមួយឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា កាលពីយប់ថ្ងៃទី២២ ខែសីហា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញនូវការលើកទឹកចិត្ត ជំរុញការវិនិយោគក្នុងស្រុកនេះ ជាផ្នែកមួយក្នុងការដោះស្រាយនូវកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន ដែលបារម្ភអំពីការបាត់បង់ទឹកដី ពាក់ព័ន្ធគម្រោងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍-DTA ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា សម្តេចបានប្រគល់ភារកិច្ចមួយទៀតឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្ត ជំរុញវិនិយោគនៅភូមិភាគឦសាន្ត សម្រាប់ឆ្នាំ២០២៥ ហើយសុំរៀបចំឱ្យបានចប់សព្វគ្រប់ នៅចុងឆ្នាំ២០២៤ ធ្វើយ៉ាងនេះ គឺយើងចង់លើកទឹកចិត្តទៅដល់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនក្នុងស្រុករបស់យើង ឱ្យទៅអភិវឌ្ឍន៍នៅតំបន់នោះតែម្តង។
សម្តេចបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយ និងសកម្មភាពថ្មីៗនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យបាននូវការមិនបាត់បង់ទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដែលមិនត្រឹមតែខេត្តចំនួន៤ នៅភូមិភាគឦសាន្តនោះទេ គឺនៅក្របខណ្ឌទូទាំងប្រទេស៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី