រោងចក្រដំឡើងរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនី ប្រភេទដឹកទំនិញមួយបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រោងចក្រដំឡើងរថយន្តដឹកទំនិញសម្រាប់ប្រើក្នុងស្រុក និងនាំចេញថ្មីមួយនេះវិនិយោគពីក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ ZM Trucks បានក្លាយជាម៉ាកយីហោរបស់ ZO Motors នៅប៉ែកអឺរ៉ុប និងអាមេរិកខាងជើង។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានឲ្យដឹងថា នេះគឺជារោងចក្រដំឡើងរថយន្តអគ្គិសនីលើកទី១ នៅកម្ពុជា អាចមានសមត្ថភាពផលិតរថយន្ត ៣ពាន់គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ហើយនេះក៏មិនមែនជារោងចក្រចុងក្រោយនោះដែរ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី ជាបន្តបន្ទាប់ទៀតលើទឹកដីកម្ពុជា។
តំណាងក្រុមហ៊ុន ZO MOTORS (Cambodia) បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដែលរីកលូតលាស់ឆាប់រហ័ស ហើយបច្ចុប្បន្នក៏ជាប្រទេសដែលមានសេដ្ឋកិច្ចសកម្មជាងគេមួយក្នុងចំណោមប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ លើសពីនេះទៅទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី យន្តការនៃការគ្រប់គ្រងការប្រើប្រាស់ថាមពល ក៏ដូចជាការអភិវឌ្ឍវិស័យថាមពលស្អាតនៅកម្ពុជាមានភាពឈានមុខជាងប្រទេសនានាក្នុងតំបន់។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានប្តេជ្ញានឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថាមពលស្អាតឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព។ ក្នុងន័យនេះ ក្រុមហ៊ុនមានជាមួយគម្រោងស្ថានីយបញ្ចូលថាមពលដែលនឹងប្រើប្រាស់ថាមពលជាតិឱ្យអស់លទ្ធភាព ព្រមទាំងបំរើនៅតាមខ្សែផ្លូវដឹកជញ្ជូនសំខាន់ៗទូរទាំងប្រទេសផងដែរ។
បើតាមក្រុមហ៊ុនតាមរយៈគម្រោងរបស់ខ្លួនអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង ២ពាន់កន្លែង ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្រោមដំបូលសុខសន្តិភាព៕
អត្ថបទ៖ សេដ្ឋានី