ទូតកូរ៉េ សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារកម្ពុជា និងបន្តជំរុញអ្នកវិនិយោគបន្ថែម

ស្ថានទូតកូរ៉េប្រចាំកម្ពុជា បានលើកសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារកម្ពុជា ដោយកត់សម្គាល់ពីការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការស្កេនឃ្យូអរកូត។ ការសម្តែងការសរសើរធ្វើឡើងក្នុងជំនួបជាមួយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

លោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ក្រៅពីបានលើកសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារកម្ពុជា លោកក៏បញ្ជាក់ពីអាទិភាពក្នុងការជំរុញការវិនិយោគកូរ៉េឱ្យបានកាន់តែច្រើនថែមទៀតមកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោកបន្ថែមថា កូរ៉េគឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា ដែលក្នុងនោះជាង ៤០% នៃទុនសរុបរបស់កូរ៉េ ត្រូវបានវិនិយោគក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ លើសពីនេះ លោកក៏បានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា សាយប័រ ផងដែរ។

ក្នុងជំនួបនោះ លោកស្រី ជា សិរី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អពីភាគីកូរ៉េនាពេលកន្លងមក ដូចជាការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។ ជាងនេះទៀត លោកស្រីក៏បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) លើកិច្ចការពារប្រាក់បញ្ញើ និងដំណោះស្រាយសម្រាប់ធនាគារផងដែរ។

ជារួមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលភាគីសម្រេចបាន និងប្តេជ្ញាបន្តចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងកូរ៉េឱ្យកាន់តែជិតស្និទ្ធថែមទៀត៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ធនាគារជាតិនៃកម្ពុជា