លុយជាង ៣៩៦លានដុល្លារ និងការងារ ២៥ពាន់កន្លែងចាក់បញ្ចូលក្នុងសេដ្ឋកិច្ចកម្ពុជាតាមរយៈគម្រោងវិនិយោគចំនួន ៤៤

គម្រោងវិនិយោគចំនួន ៤៤ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក និងបង្កើតការបានប្រមាណ ២៥ពាន់កន្លែងត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្នុងនោះប្រភពទុននាំមុខគេគឺមកពីប្រទេសចិន។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ៤៤គម្រោងនោះ មានគម្រោងថ្មីចំនួន ៤១ ពង្រីកផលិតកម្មចំនួន ៣ ដោយស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ៣១គម្រោង និងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង។

ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦%នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ១៤,២៤%នៃទុនវិនិយោគសរុប បន្ទាប់មក ខេមែនអាយលែន សិង្ហបុរី វៀតណាម និងហ្វីលីពីន។

សូមជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២៤ បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។

ជាមួយគ្នានេះ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអនុម័តគម្រោងវិនិយោគចំនួន ១៩០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣.២ពាន់លានដុល្លារ។ ការអនុម័តគម្រោងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះមានការកើនឡើងចំនួន ៧៧គម្រោង និងកើនទុនវិនិយោគប្រមាណជា ២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម