លោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី ទើបចូលកាន់តំណែងជាង ២០ថ្ងៃ បានចាប់ផ្ដើមទទួលស្វាគមន៍វិនិយោគិន ដែលមានបំណងចូលវិនិយោគ នៅក្នុងខេត្តមួយនេះ។
នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Di Seta (Cambodia) Co., Ltd. ដែលមានបំណងមកបង្កើតរោងចក្រកាត់ដេរ មួក ស្រោមដៃ ស្រោមជើង និង អាវចាក់។
អភិបាលខេត្តតាកែវថ្មី បានប្រកាសស្វាគមន៍ការចូលមកវិនិយោគក្នុងខេត្តរបស់ខ្លួន។ បើតាមគម្រោងរោងចក្ររបស់ក្រុមហ៊ុន Di Seta (Cambodia) Co., Ltd. មួយនេះ នឹងចូលវិនិយោគក្នុងខេត្តតាកែវ នាពេលខាងមុខ ដែលអាចផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនី ចន្លោះពី ៣ ០០០ ទៅ ៤ ០០០កន្លែង។
លោក វ៉ី សំណាង បានចូលកាន់មុខតំណែងជាអភិបាលខេត្តតាកែវ ជំនួសលោក អ៊ួច ភា ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤កន្លងទៅនេះ។ មុនចូលតំណែងជាអភិបាលខេត្តតាកែវ លោក វ៉ី សំណាង ធ្លាប់កាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ រយៈពេល ៨ឆ្នាំ។
កាលពីនៅជាអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានខិតខំទាក់ទាញវិនិយោគិនពីគ្រប់ទិសទី ជាពិសេសវិនិយោគិនចិនឲ្យមកវិនិយោគនៅខេត្ត ដែលលោកដឹកនាំ។ ក្នុងអាណត្តិរបស់លោកជាអភិបាលខេត្ត បានធ្វើឲ្យខេត្តកំពង់ស្ពឺ ក្លាយជាខេត្តមួយមានរោងចក្រ-សហគ្រាសច្រើនជាងគេទី ២ បន្ទាប់ពីរាជធានីភ្នំពេញ៕
អត្ថបទ៖ វីរៈ រូបភាព៖ លោក វ៉ី សំណាង