សណ្ឋាគារខេត្តសៀមរាបមួយចំនួនទទួលបានភ្ញៀវស្នាក់នៅច្រើនធម្មតា ទោះក្នុងរដូវ Low Season

សណ្ឋាគារខេត្តសៀមរាបមួយចំនួនទទួលបានភ្ញៀវស្នាក់នៅច្រើនធម្មតា ទោះក្នុងរដូវ Low Season

ក្នុងរដូវកាល Low Season នេះ សម្រាប់ភ្ញៀវមកស្នាក់នៅសណ្ឋាគារក្នុងខេត្តសៀមរាបមួយចំនួននៅតែមានចំនួនច្រើនធម្មតា ពិសេសគឺនៅចុងសប្តាហ៍។ ដោយឡែកសម្រាប់រដូវការ High Season ខាងមុខវិញ ចាប់ផ្តើមមានភ្ញៀវមកកក់បន្ទប់ស្នាក់នៅបណ្តើរៗហើយ ដែលមានប្រមាណ៦០% សម្រាប់ប្រភេទសណ្ឋាគារលំដាប់អន្តរជាតិ។

តាមដានជាមួយយើង៖ Million Times


កញ្ញា ដុក វល័កបរមី បុគ្គលិកប្រតិបត្តិផ្នែកលក់នៅសណ្ឋាគារបុរីអង្គររីសត ប្រាប់ថា ចាប់ពីដើមឆ្នាំ២០២៤មក មានភ្ញៀវមកស្នាក់នៅច្រើនគួរសមប្រមាណ៦០ទៅ៧០% ដោយភាគច្រើនជាភ្ញៀវមកពីខាងអឺរ៉ុប។ ដោយឡែកមួយរយៈនេះ ចាប់ពីខែមេសាមក ភ្ញៀវពីខាងអឺរ៉ុបមានការធ្លាក់ចុះបន្តិច ប៉ុន្តែភ្ញៀវពីខាងប្រទេសអាស៊ីដូចជា កូរ៉េ ចិន ជាដើមមានចំនួនច្រើនបន្តិចដែរ ។

កញ្ញាមើលឃើញថា ក្នុងរដូវការ Low Season នៅសណ្ឋាគារផ្សេងៗក្នុងខេត្តសៀមរាប ហាក់មានសភាពស្ងាត់ជាងមុនពិតប្រាកដមែន ។ ប៉ុន្តែសម្រាប់សណ្ឋាគារនៅបុរីអង្គររីសត បានសហការជាមួយភ្នាក់ងារដៃគូ ដូច្នេះហើយមានភ្ញៀវពីបណ្តាលខាងអង្គការនៅប្រទេសអូស្រ្តាលីមកស្នាក់នៅច្រើនគួរសម ដែលធ្វើឲ្យសណ្ឋាគារនៅតែដំណើរការល្អប្រសើរ។

កញ្ញា បរមី បន្តថា ជាមធ្យមក្នុងរដូវ Low season ក្នុងសណ្ឋាគារមានភ្ញៀវមកស្នាក់នៅចន្លោះ៣ពាន់ទៅ៤ពាន់នាក់ តែបើក្នុងរដូវ High Season  មានភ្ញៀវច្រើនជាងនេះគុណនឹង៣។ ជាមួយគ្នា ក្នុងខែវិច្ចិកាដែលជារដូវកាល High Season   ចាប់ផ្តើមមានភ្ញៀវកក់បន្ទប់ស្នាក់នៅបណ្តើរៗហើយដែល៨០%មកពីខាងអឺរ៉ុប ហើយតម្លៃបន្ទប់មានពី៧០ដុល្លារទៅ៩០ដុល្លារ។។

ងាកមកសណ្ឋាគារ Golden Orchid Angkor លោក មុនីរត្ន បុគ្គលិកបម្រើការនៅទីនោះ ប្រាប់ថា  នៅសណ្ឋាគាររបស់លោក មានភ្ញៀវមកស្នាក់នៅច្រើនធម្មតា ពិសេសនៅចុងសប្តាហ៍ដោយសម្បូរជនជាតិខ្មែរ ចំនែកបរទេសមិនសូវមាននោះទេ។

ថ្វីបើក្នុងរដូវការ Low Season ក៏ពិតមែនតែមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ចំណូលនៃសណ្ឋាគាររបស់លោកឡើយ។ សម្រាប់តម្លៃបន្ទប់ស្នាក់នៅវិញ ចន្លោះពី២០ដុល្លារទៅ៣០ដុល្លារ ហើយក្នុងមួយខែមានភ្ញៀវមកសម្រាកប្រហែល៤ពាន់ទៅ៥ពាន់នាក់។ យ៉ាងនេះក្តី សម្រាប់ការកក់នៅរដូវការ High Season នៅសណ្ឋាគារ Golden Orchid Angkor មិនទាន់បានទទួលការកក់ពីភ្ញៀវបរទេសនៅឡើយទេ។

បើតាមលោក ខឹម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប ឲ្យដឹងថា សេវាស្នាក់នៅសណ្ឋាគារលំដាប់អន្តរជាតិមានភ្ញៀវទេសចរមកពីអឺរ៉ុបបានកក់ទុកមុនប្រមាណ៦០% ហើយអាចនឹងបន្តការកក់បន្ថែមទៀត ខណៈការស្នាក់នៅសណ្ឋាគារថ្នាក់ជាតិមិនទាន់ដឹងចំនួនពិតប្រាកដ។

លោកបន្តថា ចាប់ពីខែតុលាឆ្នាំ ២០២៤ ដល់ខែមីនាឆ្នាំ២០២៥ មានទេសចរជាតិមកពីអឺរ៉ុបមានសន្ទុះកើនឡើង ហើយតាមបណ្តាលក្រុមហ៊ុនទេសចរណ៍បានកក់បន្ទប់សណ្ឋាគារស្នាក់នៅលំដាប់អន្តរជាតិដូចជា សណ្ឋាគារផ្កាយ៤ និងផ្កាយ៥ ជាដើម បានប្រមាណពី៦០ទៅ៧០% បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅដែលជារដូវការ High Season ។

សូមបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ចុងក្រោយពីក្រសួងក្រសួងទេសចរណ៍ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤  កម្ពុជាមានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់ ៕



អត្ថបទ៖ នារតី