ពីពេលនេះ ការប្រើប្រាស់លុយដុល្លារអាមេរិកនៅខេត្តសៀមរាបកាន់តែងាយស្រួលជាងមុន

ពីពេលនេះ ការប្រើប្រាស់លុយដុល្លារអាមេរិកនៅខេត្តសៀមរាបកាន់តែងាយស្រួលជាងមុន

ដើម្បីសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅខេត្តសៀមរាប ធនាគារជាតិនៃកម្ពុជាបានដាក់ចេញវិធានការមួយចំនួនដើម្បីអនុវត្តនៅខេត្តសៀមរាបដែលរួមមាន យន្តការបន្ទាន់និងយន្តការបន្តទៀត៖

តាមដានជាមួយយើង៖ Million Times

១. តម្រូវឲ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិក ចាស់ ទក់ រហែក ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។



២. ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឲ្យចរាចរលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិសៀមរាប ដោយពុំមានគិតកម្រៃសេវានិងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញ។



៣. តម្រូវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអេមរិក និង៥០ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០០ដុល្លារអាមេរិកនៅក្នុងម៉ាស៊ីនដកប្រាក់ ( ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។



៤. រៀបចំផ្សព្វផ្សាយទៅកាន់អាជីវកម្មប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋន ដើម្បីឲ្យបានយល់កាន់តែច្បាស់និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀត។



**ចំណែកឯយន្តការបន្តទៀតមានពីរយន្តការ៖

១. ជំរុញការប្រើប្រាស់កម្មវិធីទូរសព្ទ Bakong Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅកម្ពុជា។


២. សហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខខណ្ឌស្តង់ដាមួយដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ជ្រើសរបស់ធនាគារជាតិ និងធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជនិងធនាគារពាណិជ្ជ៕


អត្ថបទ៖ នារតី