ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប សមាគមទេសចរណ៍កម្ពុជា (CATA) និងភាគីពាក់ព័ន្ធមួយចំនួនទៀត នឹងរៀបចំព្រឹត្តិការណ៍ “Big Bike Elite Night” ថ្ងៃសៅរិ៍ចុងសប្ដាហ៍នេះ។
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ព្រឹត្តិការណ៍ “Big Bike Elite Night” នឹងរៀបចំឡើងនាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ៤រសៀលតទៅ នៅបរិវេណ Pub Street ខេត្តសៀមរាប ដោយមានអ្នកចូលរួមតាំងបង្ហាញម៉ូតូសរុបប្រមាណ ១៥០គ្រឿង។
ព្រឹត្តិការណ៍នេះ អ្នកទេសចរជាតិ-អន្តរជាតិ អាចចូលរួមទស្សនាដោយសេរី មិនមានការគិតថ្លៃអ្វីឡើយ។ បើតាមសមាគមទេសចរណ៍កម្ពុជា ព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីគាំទ្រដល់យុទ្ធនាការ “ទស្សនាសៀមរាប ២០២៤”។
ការរៀបចំព្រឹត្តិការណ៍ “Big Bike Elite Night” ក៏ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ដែលជាផលិតផលទេសចរណ៍មួយ ពេញនិយម ផងដែរ។
តាមកម្មវិធីនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ “Big Bike Elite Night” ចាប់ផ្ដើមចេញពីសណ្ឋាគារសុខាឆ្ពោះទៅកាន់រមណីដ្ឋានអង្គរ ដើម្បីថតរូបអនុស្សាវរីយ៍ ហើយបន្ទាប់មកចេញពីរមណីដ្ឋានអង្គរទៅកាន់តំបន់ Pub Street តែម្ដង៕
អត្ថបទ៖ វីរៈ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

