លោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) បានសន្យានៅចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាថា នឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជា ទៅដល់វិនិយោគិននិយាយភាសាបារាំង ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ការសន្យាបែបនេះ ខណៈពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ៨ ខែកក្កដានេះ។
នៅក្នុងជំនួបនេះលោក APF បានបញ្ជាក់ថា ទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ គឺគោរពទៅតាមការសន្យារបស់លោក ដើម្បីស្វែងរកឱកាស វិនិយោគនៅកម្ពុជា។ លោក ក៏បានលើកឡើងមពីភាពជាដៃគូដ៏ល្អប្រសើរ ក៏ដូចជាការភ្ជាប់នូវទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
លើសនេះទៀត លោក Geoffroy Roux de Bézieux បានគូសបញ្ជាក់ទៀតថា តាមរយៈដំណើរទស្សនកិច្ចនេះ លោកប្រធាននឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជាទៅដល់វិនិយោគិននិយាយភាសាបារាំង ឲ្យមក វិនិយោគនៅកម្ពុជា បន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹង មាំរវាងកម្ពុជា និងបារាំង ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងប្រទេសទាំងពីរផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវក្តីរីករាយ ចំពោះក្រុមហ៊ុនបារាំង ដែលបានមកបោះទុនវិនិយោគនៅកម្ពុជា ដែលនេះបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងក្លារបស់វិនិយោគិនបារាំង។ ជាមួយគ្នានេះ សម្ដេចសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត។
គួរឲ្យដឹងថា សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) គឺជាបណ្តាញក្រុមហ៊ុន ត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីស មានសមាជិកចំនួន ៣៤ ក្នុង ៣១ ប្រទេសនិយាយភាសាបារាំង និងមានក្រុមហ៊ុនដែលជាសម្ព័ន្ធភាព ៧០០ ០០០ ។ APF ត្រូវបានជួបប្រជុំដើម្បីលើកទឹកចិត្តរវាងអ្នកធុរកិច្ចនៃប្រទេសផ្សេងៗគ្នា ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលនិយាយភាសាបារាំង៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចធិបតី