គណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃចន្ទនេះបានចុះពិនិត្យទីតាំងនៃគម្រោងស្នេីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដីទំហំជាង ១៤០ ហិកតារបស់ក្រុមហ៊ុន Pursat Special Economic Zone។
បើតាមគណៈកម្មាធិការវិនិយោគកម្ពុជា គម្រោងស្នេីសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. មានទីតាំងស្ថិតនៅត្រង់គីឡូម៉ែត្រលេខ១៥៤ លេីផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។
ការចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ គណៈកម្មាការអន្តរក្រសួង បានពិនិត្យយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវបំពេញឱ្យសមស្របតាមលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ជាធរមាន។
ពាក់ព័ន្ធនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនទាន់បញ្ជាក់ពីប្រភពវិនិយោគិនដែលមកពីបណ្តាប្រទេសណានោះទេ។ យ៉ាងណាកន្លងមក លោក ស៊ុន ចាន់ថុល ធ្លាប់បានបង្ហើបឲ្យដឹងថា ជប៉ុនត្រៀមបង្កើតតំបន់សេដ្ឋកិច្ចរបស់ខ្លួនស្ថិតនៅខេត្តពោធិ៍សាត់ធ្វើឡើងតាមគំនិតផ្ដួចផ្ដើមរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា ក្រុមហ៊ុន មីនីបៀ បានទិញដីចំនួន ៥០ ហិកតាលើគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នៅខេត្តពោធិ៍សាត់ និងត្រៀមបម្រុងដីជាង ២០០០ ហិកតាទៀតសម្រាប់បន្តអភិវឌ្ឍគម្រោងនេះ។
ទាក់ទងការជ្រើសរើសខេត្តពោធិ៍សាត់ជាទីតាំងសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសទីមួយរបស់ជប៉ុន លោកថាដោយសារខេត្តមានភូមិសាស្រ្តអំណោយផល ជាពិសេសមានប្រព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាមានផ្លូវជាតិលេខ ៥ ដែលទើបស្តារនិងពង្រីក រួមទាំងផ្លូវដែកតភ្ជាប់ផងដែរ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC