ដំណាំស្រូវ រួមទាំងដំណាំដទៃទៀត ពិសេសដំឡូងមីនៅខេត្តរតនគិរី មិនទទួលរងផលប៉ះពាល់ពីដង្កូវហ្វូងនិងសត្វល្អិតចង្រៃបំផ្លាញដូចមុនទៀតទេ ស្របពេលដែលភ្លៀងបន្តធ្លាក់រួមនឹងវិធានការរបស់ក្រសួងចុះអន្តរាគមន៍កន្លងមក។



នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យនិងវាយតម្លៃឃើញថា លទ្ធផលនៃការត្រួតពិនិត្យ ដំណាំស្រូវ និងដំណាំដទៃទៀត មិនទទួលរងផលប៉ះពាល់ពីដង្កូវហ្វូង និងសត្វល្អិតបំផ្លាញនោះទេ។
មិនប៉ះពាល់ដោយសារកន្លងមក មន្ទីរកសិកម្មខេត្ដរតនគិរី បានសហការជាមួយមន្ត្រីជំនាញរួមមាន រដ្ឋបាលក្រុង-ស្រុក ចុះពិនិត្យ និងបានចាត់វិធានការទាន់ពេលវេលា នៅអំឡុងពេលដែលមានការរាតត្បាតតិចតួចពីដង្កូវហ្វូងលើដំណាំស្រូវ និងដំឡូងមី។
មកដល់ពេលនេះ ស្ថានភាពដំណាំមានការលូតលាស់ជាធម្មតា ស្របពេលដែលភ្លៀងបានបន្ដធ្លាក់ជាកត្ដាបង្អាក់ដល់ការកកើតនៃពពួកសត្វល្អិតចង្រៃ ពិសេសពពួកដង្កូវហ្វូង។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់ថ្នាក់មន្ទីរកសិកម្មខេត្ដនិងមន្ត្រីកសិកម្មឃុំ បន្ដចុះតាមដានជាប្រចាំ ដោយសហការជាមួយក្រុមការងារជំនាញពាក់ព័ន្ធ ដើម្បីចុះជួយអន្តរាគមន៍ជាបន្ទាន់លើករណីមានការរីករាលដាលនៃពពួកសត្វល្អិតចង្រៃ។ សំដៅកាត់បន្ថយផលប៉ះពាល់លើផលិតកម្មកសិកម្មរបស់ប្រជាកសិករឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ នារតី