ក្រុមវិនិយោគិនបារាំង សហការជាមួយតំណាងស្ថាប័នឈានមុខកម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ នៅរាជធានីភ្នំពេញ ដែលមានគោលដៅផ្តល់សម្ទុះដល់ទំនាក់ទំនងរវាងតួអង្គសេដ្ឋកិច្ចនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅ ស្ថានទូតបារាំងប្រចាំកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំធ្វើសន្និសីទរួមគ្នាដើម្បីបង្ហាញជូនអ្នកសារព័ត៌មានអំពីវេទិកាធុរកិច្ចបារាំងកម្ពុជា ឆ្នាំ២០២៤។ វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ជាមួយការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងសមាគមឧកញ៉ាកម្ពុជា។
កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅ ស្ថានទូតបារាំងប្រចាំកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំធ្វើសន្និសីទរួមគ្នាដើម្បីបង្ហាញជូនអ្នកសារព័ត៌មានអំពីវេទិកាធុរកិច្ចបារាំងកម្ពុជា ឆ្នាំ២០២៤។ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងថា ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។ តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើននឹងមានវត្តមាន ដូចជាក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ឡូជីស្ទីក ដឹកជញ្ជូន កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។
លោកបន្តថា វេទិកាធុរកិច្ចលើកទី២នេះ នឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ។ លោកថា វេទិកានេះក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្រ្ត ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។
លោក ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ ទំនាក់ទំនងទ្វេភាគីបារាំង-កម្ពុជាមានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបនៅប្រទេសបារាំង ក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ា ណែត កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន៧ត្រូវបានចុះហត្ថលេខាក្នុងវិស័យគន្លឹះ ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពីសករាជថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។ លោកបន្ថែមថា កិច្ចព្រមព្រៀងខាងលើក៏បង្ហាញឱ្យឃើញផងដែរពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការពង្រឹងវិស័យឯកជន។
សូមជម្រាបថា ទំហំនៃបម្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាមានចំនួន ១ ៣៦៣ លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្ន ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ការនាំចេញរបស់បារាំងមកកម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំង ពោលគឺ៣១%ធៀបនឹងឆ្នាំ២០២២ ជាពិសេស ផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។ ចំណែកការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារាំងវិញមានទំហំទឹកប្រាក់ ១ ១៩២លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន។
ក្នុងទំហំប្រមាណ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់ កសិឧស្សាហកម្ម និងសេវា។ ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំងនៅកម្ពុជា (ជាង៤០០ក្រុមហ៊ុន) បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារំាងនៅកម្ពុជា។ តួលេខទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា