ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង បានជួបពិភាក្សាជាមួយក្រុមហ៊ុនផ្លូវដែកឥណ្ឌូណេស៊ី ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងឱកាសសម្រាប់ការអភិវឌ្ឍន៍ផ្លូវដែករវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី។
នៅថ្ងៃទី ២១ ខែមិថុនានេះ ក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មរថភ្លើង និងចរាចរផ្លូវដែកនៅកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់គណៈប្រតិភូក្រុមហ៊ុន PT Kereta Api Indonesia (Persero) ដែលជាក្រុមហ៊ុនផ្លូវដែកឥណ្ឌូណេស៊ី។
បើតាម Royal Railway ក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីជំរុញការពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងឱកាសសម្រាប់ការអភិវឌ្ឍន៍ផ្លូវដែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសរវាងប្រទេសទាំងពីរ ឥណ្ឌូនេស៊ី-កម្ពុជា នាពេលអនាគត។
នៅថ្ងៃដដែលនេះដែរ គណៈប្រតិភូក្រុមហ៊ុន PT Kereta Api Indonesia (Persero) ក៏បានបន្តជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហការរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី លើការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឲ្យមានការរីកចម្រើនថែមទៀត។
ប្រតិភូក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស នូវវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយក៏លើកឡើងអំពីការរៀបចំសន្និសីទ CEO ផ្លូវដែកអាស៊ានលើកទី ៤៤ ដែលគ្រោងធ្វើនៅក្រុងបាន ឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងខែកញ្ញាខាងមុខនេះ។ សន្និសីទនេះ នឹងឱកាសដល់ប្រទេសជាសមាជិកទាំងអស់ បង្ហាញពីទស្សនវិស័យជារួម ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ជាពិសេសតាមរយៈផ្លូវដែក។
ក្នុងជំនួបនេះលោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីឱកាសលើការវិនិយោគ ព្រមទាំងសក្តានុពលលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងវិស័យកំពង់ផែ នៅកម្ពុជា និង “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ដែលបើកទូលាយ និងស្វាគមន៍រាល់ការចូលរួមពីគ្រប់ភាគីក្នុងការវិនិយោគ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមហ៊ុន Royal Railway