កម្ពុជា អាចសិក្សាពីចំណុចខ្លាំងរបស់សិង្ហបុរី តែគ្មានបំណងធ្វើតាម ១០០ភាគរយទេ

មន្ត្រីជាន់ខ្ពស់កម្ពុជា បានលើកឡើងថា កម្ពុជា អាចសិក្សាពីចំណុចខ្លាំងរបស់សិង្ហបុរី ពិសេសលើការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ច ក៏ប៉ុន្តែកម្ពុជាគ្មានបំណងធ្វើតាមសិង្ហបុរី ១០០ភាគរយនោះទេ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសសិង្ហបុរី នាយប់ថ្ងៃទី ១៩ ខែមិថុនានេះ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងថា ជាការពិត សិង្ហបុរីជាប្រទេសមួយដែលជោគជ័យលើវិស័យសេដ្ឋកិច្ច។ សព្វថ្ងៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនសិង្ហបុរីម្នាក់ៗ សឹងតែខ្ពស់ជាងគេនៅលើពិភពលោក ដោយខ្ពស់ជាងប្រាក់ចំណូលប្រចាំរបស់ប្រជាជនអាមេរិក ប្រជាជនអង់គ្លេស និងប្រជាជនបារាំងម្នាក់ៗ។

តាមដានជាមួយយើង៖ Million Times

លោកបន្តថា ភាពជោគជ័យរបស់សិង្ហបុរី មិនមែនធ្វើតម្រាប់តាមប្រទេសណាមួយទាំងស្រុងនោះឡើយ ដោយលោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីដំបូងរបស់សិង្ហបុរី បានបង្កើតនូវគំរូអភិវឌ្ឍមួយដែលជារបស់សិង្ហបុរីសុទ្ធសាធ ទាំងការគ្រប់គ្រង និងទាំងការអភិវឌ្ឍសេដ្ឋកិច្ច។

ពាក់ព័ន្ធនឹងភាពជោគជ័យរបស់សិង្ហបុរីនេះ គឺកម្ពុជាចាប់អារម្មណ៍ ហើយក៏ចង់រៀនសូត្រអំពីគំរូអភិវឌ្ឍរបស់ប្រទេសនេះ។ ប៉ុន្តែកម្ពុជាគ្មានបំណងធ្វើតាមសិង្ហបុរី ១០០ភាគរយនោះទេ ពីព្រោះកម្ពុជាជាកម្ពុជា ហើយសិង្ហបុរីជាសិង្ហបុរី ប្រជាជនកម្ពុជាជាប្រជាជនកម្ពុជា ប្រជាជនសិង្ហបុរីជាប្រជាជនសិង្ហបុរី។ ម្យ៉ាងទៀត វប្បធម៌ ប្រវត្តិសាស្រ្ដ និងផ្នត់គំនិតរវាងប្រជាជនសិង្ហបុរី និងប្រជាជនកម្ពុជា មិនដូចគ្នានោះឡើយ។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជក់ថា «យើងអាចសិក្សាយកចំណុចខ្លាំងមកអនុវត្ត ប៉ុន្តែត្រូវ​ជៀសវាង ហើយនេះគឺជាការមួយដែលសម្ដេចធិបតី​ ធ្លាប់លើកឡើងយ៉ាងច្បាស់ យើងត្រូវជៀសវាងយកគំរូតាមប្រទេសណាមួយ ១០០ភាគរយ ឬ ២០០ភាគរយ យកចំណុចខ្លាំងមកសិក្សា ហើយអនុវត្តតាម»។

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានលើកឡើងដែរថា មេរៀនមួយទៀតដែលសំខាន់ អាចរៀនសូត្រពីសិង្ហបុរីបាននោះ គឺសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ តាំងពីឆ្នាំ ១៩៦៥មក សិង្ហបុរីជាប្រទេសមួយមិនដែលស្គាល់សង្រ្គាម ហើយសូម្បីតែអស្ថេរភាពនយោបាយ ក៏សិង្ហបុរីមិនដែលស្គាល់ និងមិនដែលជួបប្រទះ។

មន្ត្រីជាន់ខ្ពស់រូបនេះដដែល បានគូសបញ្ជាក់ថា បើកម្ពុជាចង់រៀនពីសិង្ហបុរី ចូរនាំគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ និងឲ្យតម្លៃដល់សណ្ដាប់ធ្នាប់សង្គម ព្រមទាំងប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច។ បើធ្វើដូច្នេះបានជារៀងរហូត កម្ពុជាប្រាកដជាស្គាល់ភាពរុងរឿងមិនខាន៕

អត្ថបទ៖ វីរៈ​ រូបភាព៖​ ក្រុមព័ត៌មានសម្ដេចធិបតី