ក្រុមហ៊ុនជីប ម៉ុង កំពុងប្រើប្រាស់ប្រឡាយ៩៨ ដឹកគ្រឿងសំណង់ពីវៀតណាម មកកម្ពុជា

ក្រុមហ៊ុនយក្សដែលគ្រប់គ្រងសម្ព័ន្ធក្នុងពហុវិស័យ ជីប ម៉ុង គ្រុប បច្ចុប្បន្នបាននឹងកំពុងប្រើប្រាស់ប្រឡាយ៩៨ មានប្រវែង ៤៦គីឡូម៉ែត្រសម្រាប់ដឹកជញ្ជូនទំនិញគ្រឿងសំណង់របស់ខ្លួនពីប្រទេសវៀតណាម មកកាន់កម្ពុជាក្នុងទឹកដីខេត្តតាកែវ។

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក្នុងពេលចុះពិនិត្យប្រឡាយ៩៨ នាពេលកន្លងទៅបានថ្លែងថា៖ «បច្ចុប្បន្ន ប្រឡាយ ៩៨ នេះមាននាទីជាផ្លូវទឹកដឹកទំនិញ ទៅមកជាមួយប្រទេសវៀតណាម និងមានកំពង់ផែដឹកទំនិញរបស់ក្រុមហ៊ុន ជីបម៉ុង កំពង់ដំណេីរការដឹកគ្រឿងសំណង់មកពីប្រទេសវៀតណាម»។

តាមដានជាមួយយើង៖ Million Times

លោកបន្តថា ប្រឡាយ៩៨ មានប្រវែង ៤៦គីឡូម៉ែត្រ បានទទួលប្រភពទឹកពីស្ទឹងតាកែវ ហើយត្រូវបានជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ១៩៩៦ ដោយកម្មវិធីប្រាសាក់២។ ប្រព័ន្ធប្រឡាយ៩៨ មានប្រឡាយរងចំនួន ៣០ខ្សែ ប្រវែង ១៣០គីឡូម៉ែត្រ ប្រព័ន្ធនេះគ្របដណ្តប់លើភូមិចំនួន៤៩ នៃឃុំចំនួន១២ ក្នុងស្រុកចំនួន៣ នៃខេត្តតាកែវ រួមមាន ស្រុកបុរីជលសារ ស្រុកកោះអណ្តែត និងស្រុកគិរីវង់ ព្រមទាំងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើន ផលសរុប ១៥០០០ហិកតា ដោយបងប្អូនប្រជាកសិករអាចបង្កបង្កើនផលបាន៣ដងក្នុង១ឆ្នាំ។

បើតាមលោករដ្ឋមន្រ្តី ប្រឡាយ៩៨ តភ្ជាប់ទៅប្រឡាយមេព្រៃទន្លេ (តន់ហន់) ស្ថិតនៅក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ជាប្រព័ន្ធប្រឡាយមេព្រៃទន្លេមានលក្ខណៈជាប្រព័ន្ធធារាសាស្ត្រការពារទឹកប្រៃ ដែលមានទំនប់ប្រវែង ១០៤៨ម៉ែត្រ ប្រឡាយមេ ១ខ្សែ ប្រវែង ១២៣៦៣ម៉ែត្រ និងប្រឡាយរងចំនួន ២ខ្សែ ប្រវែង ២១២៥ម៉ែត្រ។

លោកបានបញ្ជាក់ថា ប្រឡាយទាំងពីរខ្សែខាងលើនេះ អាចភ្ជាប់ទៅដល់សមុទ្រក្នុងខេត្តកែបផងដែរ ប្រសិនបើធ្វេីការស្តារប្រឡាយឲ្យជ្រៅបន្ថែមទៀត ជាពិសេសត្រង់ចំណុចមួយចំនួន ដែលមានស្ថានដីខ្ពស់៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងធនធានទឹក