សហគ្រាសផលិតសំបកកង់យានយន្តមួយនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិ មានចាប់ពីប្រមាណ ៩ពាន់តោនក្នុងឆ្នាំ២០២៤នេះ ដើម្បីផលិតសំបកកង់រថយន្តនាំចេញទៅកាន់សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។
សហគ្រាសមួយនេះឈ្មោះថា General Tire Technology (Cambodia) Co., Ltd ដែលបានផលិតសាកល្បងចេញជាសំបកកង់ដំបូងពីជ័រកៅស៊ូកម្ពុជា ប្រកបដោយជោគជ័យ និងគុណភាពខ្ពស់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បន្ទាប់មកបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
នាយកសហគ្រាស General Tire Technology បានប្រាប់លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរទស្សនកិច្ចសហគ្រាសមួយនេះកាលពីថ្ងៃទី ១៤ ខែមិថុនា អំពីខ្សែច្រវាក់ផលិតកម្មកែច្នៃសំបកកង់យានយន្ត និងតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិ ក៏ដូចជាបញ្ហាប្រឈមរបស់សហគ្រាស។
លោកបានប្រាប់ឲ្យដឹងថា សហគ្រាសរបស់លោកមានតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិមានចាប់ពីប្រមាណ ៩ពាន់តោន ក្នុងឆ្នាំ២០២៤ និងកើនឡើងបន្តបន្ទាប់រហូតដល់ជិត ៤ម៉ឺនតោនក្នុងឆ្នាំ២០២៨ នៅពេលដែលខ្សែច្រវាក់ផលិតកម្មដំណាក់កាលទី២ បានបញ្ចប់ការសាងសង់ទាំងស្រុងក្នុងខែធ្នូ ឆ្នាំ២០២៤ខាងមុខ។
លោកបន្តថា សហគ្រាសរបស់លោកមានសមត្ថភាពផលិតសំបកកង់ខ្នាតតូចចំនួន ៨៥០ម៉ឺនគ្រាប់/ឆ្នាំ និងខ្នាតធំ ១៦៥ម៉ឺនគ្រាប់/ឆ្នាំ សម្រាប់នាំចេញផលិតផលសំបកកង់ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។
នៅក្នុងឱកាសនេះដែរ លោក ប្រាក់ ដាវីដ បានជំរុញឲ្យសហគ្រាសប្រើប្រាស់ជ័រកៅស៊ូកម្ពុជា ឲ្យបានកាន់តែច្រើនឡើង ព្រមទាំងបានឲ្យអគ្គនាយកដា្ឋនកៅស៊ូ រៀបចំជំនួបពិភាក្សារវាងសហគ្រាសផលិតសំបកកង់យានយន្ត ជាមួយនឹងបណ្តាក្រុមហ៊ុនចម្ការកៅស៊ូ និងរោងចក្រកែច្នៃជ័រកៅស៊ូនានា ដើម្បីរិះរកលទ្ធភាពផ្គត់ផ្គង់ជ័រកៅស៊ូដល់សហគ្រាសឲ្យបានគ្រប់តាមបរិមាណ និងគុណភាព ដែលសហគ្រាសត្រូវការ៕
អត្ថបទ៖ វីរៈ រូបភាព៖ អគ្គនាយកដ្ឋានកៅស៊ូ