ក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មលំដាប់ពិភពលោកមួយសន្យាមកបើករោងចក្រនៅកម្ពុជា

ក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខមួយនៅលើពិភពលោក បានសន្យានៅចំពោះមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នឹងមកសិក្សាឲ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឪកាសទស្សនៈទាក់ទាញវិនិយោគិននៅសហគមន៍អឺរ៉ុប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH នៅប្រទេសអាល្លឺម៉ង់។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបនេះ លោកស៊ុន ចាន់ថុល បានប្រាប់បង្ហាញអំពីសក្ដានុពលវិនិយោគរបស់កម្ពុជា ពិសេសវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យវិស័យឯកជន អាចពិនិត្យលទ្ធភាពក្នុងការវិនិយោគ។ ជាក់ស្ដែងក្នុងអំឡុងដំណើរបេសកកម្ម គោះទ្វារវិនិយោគក្នុងសហភាពអឺរ៉ុបនាឱកាសនេះ កម្ពុជាបានពាំនាំយកនូវសក្តានុពល និងកាលានុវត្តភាពវិនិយោគលើវិស័យគន្លឹះ រួមមាន៖ វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ព្រមទាំងទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាដើម។

ជាមួយគ្នានេះ លោកបានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុន និងស្នើដល់ក្រុមហ៊ុន អាចពិនិត្យពិចារណាជ្រើសរើសយកកម្ពុជាទីតាំងដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ។

ជាការឆ្លើយតប លោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH បានសន្យាថា នឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជាដើម្បីសិក្សាឲ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយ នៅលើពិភពលោក ដែលមានបុគ្គលិកប្រមាណ ៤២៩ ០០០នាក់ នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះ មានប្រតិបត្តិការរបស់ខ្លួនលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពល និងបច្ចេកវិទ្យា ជាដើម។

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល