គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ពីចាក់អង្រែក្រោមទៅព្រែកប្រា សម្រេចបានជាង ១០ភាគរយហើយ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីចាក់អង្រែក្រោមទៅព្រែកប្រា សម្រេចបានជាង ១០ភាគរយហើយ បន្ទាប់ពីបើកការដ្ឋានសាងសង់់កាលពីខែកុម្ភៈ កន្លងទៅនេះ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមដានជាមួយយើង៖ Million Times

ក្រសួង បានឲ្យដឹងបន្តថា គិតត្រឹមថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១០,៥០ភាគរយ ដោយលើសផែនការ ១,០៣ភាគរយ។

ប្រភពដដែល បានឲ្យដឹងបន្តថា បច្ចុប្បន្ននេះសសរគ្រឹះចំនួន ២៤ដើម បានចាក់បេតុងរួចរាល់ ១០០ភាគរយ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

គម្រោងសាងសង់ស្ពានឆ្លងកាត់ ពីចាក់អង្រែក្រោមទៅព្រែកប្រា តម្លៃ ៦០លានដុល្លារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤​កន្លងទៅនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេនេះ មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ