ការនាំចេញស្វាយ និងអង្ករដំណើបរបស់ថៃកើនឡើងទ្វេដង ព្រោះតែការពេញនិយមនៃបង្អែមបាយដំណើបស្វាយទុំ

ការនាំចេញស្វាយ និងអង្ករដំណើបរបស់ថៃកើនឡើងទ្វេដង ព្រោះតែការពេញនិយមនៃបង្អែមបាយដំណើបស្វាយទុំ

ការនាំចេញស្វាយស្រស់របស់ប្រទេសថៃក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ នេះបានកើនឡើង ១៣០ ភាគរយក្នុងទំហំទឹកប្រាក់ប្រហែល ១.៦ ពាន់លានបាត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញអង្ករដំណើបបានកើនឡើង ១៣ ភាគរយ ក្នុងទំហំទឹកប្រាក់ប្រហែល ១ ពាន់លានបាតក្នុងអំឡុងពេលដូចគ្នានេះ ។

លោក Chotima Iemsawasdikul អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មបាននិយាយថា ការហក់ឡើងនៃការនាំចេញស្វាយ និងអង្ករដំណើបនៅរយៈពេល ៣ ខែនេះ គឺដោយសារតែការពេញនិយម និងប្រជាប្រិយភាពនៃបង្អែមបាយដំណើបស្វាយទុំរបស់ថៃនៅក្នុងប្រទេសជាច្រើន ទើបជាឱកាសល្អសម្រាប់ថៃ ។

ចំណែកប្រទេសដែលទាក់ទាញការនាំចូលស្វាយ និងអង្ករដំណើបរបស់ថៃរួមមានដៃគូអាស៊ាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា ឈីលី ប៉េរូ និងហុងកុង ហើយកត្តាទាំងអស់នេះហើយទើបថៃ​​ជា​ប្រទេស​នាំ​ចេញ​ស្វាយ​ធំ​ទី ​៥ ​របស់​ពិភពលោក និង​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ដំណើប​ធំ​ទី​ ២ លើពិភពលោក ។

លោក Chotima បន្ត​ថា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ​៩ មាន​តែ​ប្រទេស​ឡាវ និង​កម្ពុជា​ប៉ុណ្ណោះ ដែល​គិត​ពន្ធ​ការនាំចូល​ស្វាយ​ថៃប្រមាណ ៥ ភាគរយ ចំណែកឯចិន ជប៉ុន ហុងកុង អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា ឈីលី និងប៉េរូ មិនគិតពន្ធនាំចូលនោះទេ ខណៈកូរ៉េខាងត្បូងគិតថ្លៃ ២៤ ភាគរយ ។

សូមជម្រាបថា អូស្ត្រាលី នូវែលហ្សេឡង់ ហុងកុង ឡាវ កម្ពុជា សិង្ហបុរី ព្រុយណេ និងឈីលី មិនយកពន្ធលើការនាំចូលអង្ករដំណើបថៃនោះទេ ស្របពេលចិនបានកាត់បន្ថយពន្ធនាំចូលមកត្រឹម ៥០ ភាគរយ, ឥណ្ឌូណេស៊ី ៣០ ភាគរយ និងម៉ាឡេស៊ី ៣២ ភាគរយ ខណៈការនាំចេញបង្អែមបាយដំណើបស្វាយទុំទៅកាន់ប្រទេស ១៦ ផ្សេងទៀតក៏មិនគិតពន្ធនោះដែរ ៕

តាមដានជាមួយយើង៖ Million Times
ផលិតផលស្វាយថៃ
បង្អែមបាយដំណើបស្វាយទុំ

បកប្រែ ៖ ទីន