លោក អឹអិណុ អាហ្សឹហ្ស៊ី៖ កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល 

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជា ប្រើ QR កូដ សម្រាប់បង់លុយ ហើយកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល។

ក្នុងពេលចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១៨ ខែឧសភា លោក អឹអិណុ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា «កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល»។ លោកថា ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារសំខាន់ណាស់ ហើយយុទ្ធសាស្ត្រឌីជីថល ក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។

តាមដានជាមួយយើង៖ Million Times

លោកលើកឡើងថា ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះគឺមានការប្រែប្រួល។ របៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថា អ្នកទទួលជំនួយនិងអ្នកផ្តល់ត្រូវជួបគ្នាមុនសម្រេច។ ទន្ទឹមនឹងនេះជប៉ុនគាំទ្រដល់កម្ពុជា ក្នុងការបង្កើតមជ្ឍមណ្ឌលទិន្នន័យជាតិ ហើយជប៉ុនមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅក្នុងវិស័យឌីជីថលបន្ថែមទៀត។  

លោកបញ្ជាក់ថា ជប៉ុននឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យឌីជីថល។ ជាមួយគ្នានេះលោកបានមើលឃើញថា យុវជនកម្ពុជាខិតខំប្រឹងរៀនយ៉ាងខ្លាំង ពូកែភាសាអង់គ្លេស និងនាំមុខខាងបច្ចេកវិទ្យា។

ក្នុងឱកាសនោះ សម្ដេចប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ប្រទេសនានាមានការរីកចម្រើនជឿនលឿនហើយ ក៏ប៉ុន្តែ ចំពោះកម្ពុជា យើងត្រូវតែរត់ក្នុងខណៈពេលដែលប្រទេសអភិវឌ្ឍន៍គេកំពុងតែដើរ។ នៅក្នុងជួររាជរដ្ឋាភិបាលថ្មី មានយុវជនដែលមានសមត្ថភាព ខ្ពស់ក្នុងការពន្លឿនវិស័យឌីជីថល។

សម្តេច ហ៊ុន សែន ថ្លែងថា «វិបត្តិតែងតែផ្តល់នូវកាលានុវត្តភាព កូវីដបានជំរុញកម្ពុជាឲ្យទៅមុខលឿនប្រាំឆ្នាំខាងឌីជីថល ។ ពេលកូវីដសាលាត្រូវបិទ ដូច្នេះយើងត្រូវតែប្រើឌីជីថលដើម្បីបន្តសកម្មភាពបង្រៀន។ កាលពីមុន យើងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើកំណែទម្រង់ រួមទាំងផ្នែកអភិបាលកិច្ច និងវិស័យពន្ធដារ។ ក្នុងនោះ យើងបានបើកប្រាក់ខែប្រាក់បៀវត្សរ៍តាមធនាគារ ទីមួយ ជាការពន្លឿនកិច្ចការ ទីពីរ ជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយយើងបានកាត់មន្ត្រីខ្មោចចេញពីបញ្ជីឈ្មោះមន្ត្រីរាជការចំនួនពីរម៉ឺននាក់។ នៅក្នុងវិស័យពន្ធដារ យើងបានជំរុញឱ្យមានការបង់ពន្ធអនឡាញ និងតាមធនាគារ»។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ជប៉ុន និងលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងទៀតនៅក្នុងវិស័យនេះ ហើយកម្ពុជាអាចជាកន្លែង មានបទពិសោធន៍ក្នុងវិស័យឌីជីថល៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ Facebook Page សម្តេចតេជោ