ក្រុមហ៊ុនផលិតរថយន្ត តូយ៉ូតា (Toyota) របស់ជប៉ុនដ៏ល្បីល្បាញលើពិភពលោក ត្រៀមដាក់សម្ពោធរោងចក្រដំឡើងរថយន្តរបស់ខ្លួនៅកម្ពុជានាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដែលចូលរួមកាត់ខ្សែបូរបើកដំណើរការពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ របស់លោក គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលឈានមុខលើពិភពលោក ដែលត្រៀមដាក់ដំណើរការដំឡើងរថយន្តនៅកម្ពុជា មានឈ្មោះថា ក្រុមហ៊ុន តូយ៉ូតា តូហ្សូ ម៉េនញ៉ូហ្វេកធូរីង ខូអិលធីឌី (Toyota Tsusho Manufacturing (Cambodia) Co., Ltd.) មានទុនវិនិយោគសរុបចំនួន ៣៦,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៥០នាក់។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
តាមប្រភពព័ត៌មានពីក្រុមហ៊ុន តូយ៉ូតា នៅពេលរោងចក្របើកដំណើរការក្រុមហ៊ុននឹងធ្វើការដំឡើងរថយន្ដ Toyota ប្រភេទ Pick-up និង SUV រួមមាន៖ TOYOTA HILUX និង TOYOTA FORTUNER មុនគេ ខណៈប្រភេទរថយន្តនេះមានការពេញនិយមជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយសារភាពធន់របស់វា និងការសន្សំសំចៃនៃការចំណាយលើប្រេងឥន្ធនៈ។
យោងតាមវេបសាយក្រុមហ៊ុន តូយ៉ូតា គម្រោងនេះគឺជាផ្តួចផ្តើមដោយផ្អែកលើ “MOU ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរថយន្ត” ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានមាននាយករដ្ឋមន្ត្រី កម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ។
តាមរយៈគម្រោងនេះ ក្រុមហ៊ុន Toyota Tsusho នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
អត្ថបទ៖ ផល កុសល

