ប្រទេសកម្ពុជានឹងក្លាយជាគោលដៅលំដាប់ទី១ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងឆ្នាំ២០២៤ នេះ ដោយនាំមុខក្រុមប្រទេសដែលជាទីផ្សារកំពុងរីកលូតលាស់ ៩ ផ្សេងទៀត ដូចជា ហ៊្វីលីពីន កេនយ៉ា អ៊ីរ៉ាក់ ណាមីបៀ កាហ្សាក់ស្ថាន អាហ្សឺបៃហ្សង់ ម៉ារ៉ុក ស៊ែប និងឥណ្ឌា។ នេះបើយោងតាមការព្យាកររបស់ទស្សនាវដ្តី fDi Intelligence ពេលថ្មីៗនេះ។
មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានព្យាករទស្សនវិស័យសេដ្ឋកិច្ចដ៏រស់រវើករបស់កម្ពុជាថានឹងមានកំណើន ៦,១% នៅឆ្នាំ២០២៤ ធៀបនឹងចំនួន ៥,៦% កាលពីឆ្នាំឆ្នាំ២០២២ ខណៈកិច្ចខិតខំប្រឹងប្រែងថ្មីៗ ក្នុងការលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្មជាមួយចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប បានបន្តពង្រឹងនិទស្សន៍សេដ្ឋកិច្ចកម្ពុជា។


ការព្យាករចុងក្រោយបំផុតរបស់ IMF កាលពីខែមករា បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងអត្រា ៦,១ ភាគរយ ខណៈអតិផរណានឹងមាន ៣ ភាគរយនៅឆ្នាំនេះ។ ការព្យាករនេះគឺស្របតាមការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត ខណៈធនាគារជាតិនៃកម្ពុជាបានព្យាករក្នុងកម្រិត ៦,៤ ភាគរយ។
ទស្សនាវដ្តី fDi Intelligence កត់សម្គាល់ថា ការដកចេញការរឹតត្បិតការធ្វើដំណើរពីសំណាក់ប្រទេសចិន បានជំរុញឱ្យមានការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍នៅកម្ពុជា។ ការព្យាករដដែលបានបង្ហាញពីការងើបឡើងគួរឱ្យកត់សម្គាល់ លើការវិនិយោគផ្ទាល់ពីបរទេស លើវិស័យអចលនទ្រព្យ ដែលមានជាមធ្យម (CAPEX) ចំនួន ៣៩៣% ធៀបនឹងឆ្នាំមុន គួបផ្សំនឹងកំណើន ១១០% នៃគម្រោង FDI នៅឆ្នាំ២០២៤។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងកាលពីពេលកន្លងទៅថា សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងកត្តាខាងក្រៅ និងភាពមិនច្បាស់លាស់ជាច្រើនរួមមាន ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការបែងចែកភូមិសាស្ត្រនយោបាយ ដែលនាំទៅរកការធ្លាក់ចុះលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ទេសចរណ៍ និងភាពមិនច្បាស់លាស់លើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ ការណ៍នេះ លោកស្រីថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយសុទិដ្ឋិនិយមថា នឹងកើនឡើងក្នុងរង្វង់ ៦,៤ ភាគរយនៅឆ្នាំ ២០២៤។
លោកស្រីបានអះអាងថា ដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការពង្រឹងសម្ទុះ កំណើន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច NBC នឹងបន្តអនុវត្ត នយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន ពង្រឹងការអភិវឌ្ឍប្រព័ន្ធធនាគារ លើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងសមាហរណកម្មប្រព័ន្ធទូទាត់ ព្រមទាំងដាក់ចេញនយោបាយ និងវិធានការគាំទ្រចាំបាច់នានាប្រកបដោយភាពបុរេសកម្ម ស្របតាមស្ថានភាពសេដ្ឋកិច្ច និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៥ ខែមេសាកន្លងទៅ ឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងដែលបានអនុម័តចំនួន១០៦ មានទុនវិនិយោគសរុបប្រមាណ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៧៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។
គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខរៀងទី១ រីឯការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែកប្រមាណជាង ៩៣% នៃការវិនិយោគសរុប៕
អត្ថបទ៖ ផល កុសល