របាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែមេសានេះបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។
លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា «ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល ដែល វិស័យនេះសម្រេចបានក្នុងឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេច បាន។
របាយការណ៍ដដែលនេះ បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀតសម្រាប់សេដ្ឋកិច្ចនៅឆ្នាំ ២០២៤-២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្ម វិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ អតិផរណា ជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមក ២,១% នៅក្នុងឆ្នាំ ២០២៣ ដោយសារមានការថយចុះនៃថ្លៃថាមពលអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់ ២,០% នៅក្នុងពេល២ឆ្នាំខាងមុខនេះ៕
អត្ថបទ៖ ផល កុសល