កម្លាំងចម្រុះនៃបញ្ជាការឯកភាពរាជធានីភ្នំពេញបាន កាលពីថ្ងៃទី១២ ខែមេសា បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែង ស្ថិតក្នុងសណ្ឋាគារ Wyndham Grand Phnom Penh Capital តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ នេះបើតាមការឱ្យដឹងពីលេខាធិការដ្ឋានគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ៣១១នាក់ មាន ៥សញ្ជាតិ ដោយក្នុងនោះមានជនជាតិចិន ២៥៤នាក់ គ្មានលិខិតឆ្លងដែន ១៤៤នាក់, ជនជាតិម៉ាឡេស៊ី ៣០នាក់, ជនជាតិវៀតណាម ២៣នាក់ និងជនជាតិឥណ្ឌា ២នាក់។

ក្នុងនោះដែរ សមត្ថកិច្ចក៏បានរកឃើញសម្ភារៈបច្ចេកទេសជាច្រើន ដែលបម្រើឱ្យសកម្មភាពឆបោករួមមាន៖ ទូរសព្ទដៃចំនួន ៦១៥គ្រឿង, Laptop ១៤០គ្រឿង, All in One ៣១គ្រឿង, Monitor ៦គ្រឿង និង CPU ៣គ្រឿង។ សមត្ថកិច្ច បានរឹបអូសសម្ភារៈទាំងនេះសម្រាប់ជាភស្តុតាង ក្នុងការកសាងសំណុំរឿង និងការអនុវត្តនីតិវិធីច្បាប់។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គឺជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដូចជា៖ ការអូសទាញអោយវិនិយោគ, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគប្រើប្រាស់ក្រុមហ៊ុនឈ្មោះ Nanhua Singapore ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី, ការឆបោកលួងលោម ឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជាមន្រ្តីរដ្ឋាភិបាលមានគោលដៅទៅតៃវ៉ាន់, ព្រមទាំងរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនផងដែរ។

បច្ចុប្បន្ន ជនបរទេសទាំង ៣១១នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វីរៈ រូបភាព៖ គ.ប.ឆ.ប.



