ក្រុមហ៊ុន ផលិតសំលៀកបំពាក់កីឡាមានសមត្ថភាពធំជាងគេមួយនៅអាស៊ី មានវត្តមាននៅកម្ពុជា  

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមេសានេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន S.E.C. Mega Factory Co., Ltd នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុន S.E.C. Mega Factory Co., Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ S.E.C. Group ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការផលិតផលិតផលសំលៀកបំពាក់កីឡា ជាមួយនឹងសមត្ថភាពធំជាងគេមួយនៅអាស៊ី។

តាមដានជាមួយយើង៖ Million Times

លោកជំទាវរដ្ឋមន្ត្រី បានអបអរសាទរចំពោះការបើកសម្ពោធដំណើរការជាផ្លូវការរបស់ក្រុមហ៊ុន S.E.C. Mega Factory Co., Ltd នៅថ្ងៃនេះ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោក Raymond Chan នាយកប្រតិបត្តិនៃក្រុមហ៊ុន និងដៃគូសហការទាំងអស់ ដែលបានជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសការយកចិត្តទុកដាក់លើ “ផលិតកម្មបៃតង” តាមរយៈការវិនិយោគលើប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់យ៉ាងទំនើប។

លោកជំទាវ ចម និម្មល បានបន្ថែមថា បច្ចុប្បន្នវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងវិវឌ្ឍខ្លួនជាបន្តបន្ទាប់ ពីការផលិតបែបប្រពៃណីដែលមានតម្លៃបន្ថែមទាប ទៅជាការផលិតតាមបែបបច្ចេកវិទ្យាទំនើប (AI Smart Garment Factory) ដែលមានតម្លៃបន្ថែមខ្ពស់ ប្រកបដោយនិរន្តរភាព គុណភាព និងប្រសិទ្ធភាពខ្ពស់។

បើតាមលោកជំទាវរដ្ឋមន្ត្រី កម្ពុជាបានត្រៀមខ្លួនរួចស្រេចក្នុងការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដោយបានបន្តជំរុញឱ្យវិស័យឯកជនពង្រឹងអនុលោមភាព បង្កើនផលិតភាព និងការបណ្តុះបណ្តាលជំនាញ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារក្នុងតំបន់ និងសកល។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង ជាពិសេសតាមរយៈការកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តកំណែទម្រង់សាធារណៈ ដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិន។

ក្រុមហ៊ុននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា តាមរយៈការប្រើប្រាស់បរិក្ខារផលិតទំនើប និងបច្ចេកវិទ្យាទាន់សម័យ ដើម្បីបង្កើនផលិតភាព បង្កើតឱកាសការងារ និងគាំទ្រការចូលរួមរបស់កម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ និងសកល៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម