ក្រុមហ៊ុនកូរ៉េមួយ ចង់ឃើញកសិផលខ្មែរក្លាយជាកសិផលសរីរាង្គលំដាប់ថ្នាក់អន្តរជាតិ

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានអនុញ្ញាតឱ្យលោក Park Hee Soo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Saemyeong Energy Tech ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៧ ខែមេសានេះ។   

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនេះ លោក Park បានឱ្យដឹងថា លោកមានគម្រោងនាំយកបច្ចេកវិទ្យាផលិតជីសរីរាង្គឈានមុខគេរបស់កូរ៉េ​ ទៅចែករំលែកជូនដល់ប្រជាកសិករកម្ពុជា ដែលកំពុងប្រកបរបរដាំដុះដំណាំស្រូវ ពោត សណ្តែក និងដំណាំបន្លែ ផ្លែឈើផ្សេងៗទៀត។

លោក​ Park ចង់ឃើញផលិតផលកសិកម្មរបស់កម្ពុជា ក្លាយជាកសិផលសរីរាង្គលំដាប់ថ្នាក់អន្តរជាតិ ដើម្បីជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន ពិសេសប្រជាកសិករកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់លោក Park និងបាន អំណរគុណចំពោះទឹកចិត្តរបស់លោក ក្នុងបំណងលើកស្ទួយជីវភាពរបស់ប្រជាពលករកម្ពុជា ព្រោះវិស័យកសិកម្មជាវិស័យសំខាន់ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ឃួន ផុនរតនៈ ក៏បានលើកទឹកចិត្តលោក Park ឱ្យចាប់ផ្តើមរៀបចំរោងចក្រ ឬកន្លែងស្រាវជ្រាវធ្វើជីសរីរាង្គនៅប្រទេសកម្ពុជា និងអញ្ជើញលោកទៅទស្សនកិច្ចនៅកម្ពុជា​ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិស័យឯកជនផ្នែកកសិកម្ម​ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត​ ក៏បានសំណូមពរក្រុមហ៊ុនឱ្យជ្រើសរើសនិស្សិត ឬពលករខ្មែរដែលកំពុងសិក្សា និងបម្រើការងារនៅកូរ៉េនេះ ដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបាននូវបទពិសោធ និងជំនាញបច្ចេកទេស ក្នុងការផលិតជីសរីរាង្គនេះ​ ដូច្នេះក្រោយពេលពួកគេត្រឡប់ទៅកម្ពុជាវិញ​ ពួកគេនឹងមានជំនាញក្នុងការផលិតជីសរីរាង្គ និងអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ទូតកម្ពុជានៅកូរ៉េ