ទូតចិន៖ ចិនរីករាយនាំចូលផលិតផលកសិកម្ម មានគុណភាពពីកម្ពុជាបន្ថែមទៀត  

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិន រីករាយក្នុងការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា។ ការលើកឡើងនេះ ស្របពេលដែលកម្ពុជាបាននាំចេញអង្ករជិត ៩ម៉ឺនតោនទៅចិន ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ។

តាមដានជាមួយយើង៖ Million Times

តាមរយៈហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៦ ខែមេសា ឯកអគ្គរដ្ឋទូតចិន បានបង្ហោះថា រយៈពេល ៣ខែ ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨.៩ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃនាំចេញលើសពី ៥៦.៣៨លានដុល្លារ។

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន​ Amru Rice បានលើកឡើងថា ចិន ជាប្រទេសឈានមុខគេលើការនាំចូលអង្ករកម្ពុជា និងប្រទេសផលិតផ្សេងទៀត។ លោក ក៏បានជំរុញឱ្យខិតខំដោយវៃឆ្លាត ក្នុងការប្រជែងទីផ្សារជាមួយប្រទេសផ្សេងទៀត។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញអង្ករជាង ៣៦ម៉ឺនតោន ក្នុងរយៈពេល ៣ខែដើម ឆ្នាំ២០២៦នេះ ដែលគិតជាទឹកប្រមាណ ២០៧លានដុល្លារ។

ក្នុងនោះ នាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ ដោយក្នុងនោះទៅកាន់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបចំនួន ៣១​, ទៅកាន់ប្រទេសចិន និងហុងកុង, ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន ៥។

ក្រៅពីនោះទៀត ក៏បាននាំចេញទៅកាន់គោលដៅ ១៨ប្រទេសផ្សេងទៀតដែរដូចជា៖ អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ជាដើម៕

អត្ថបទ៖ វីរៈ រូបភាព៖ ទូតចិន