សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពី សុខភាពតែមួយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃចន្ទនេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំកំពូល ស្តីពី សុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានឱ្យដឹងថា ដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនេះ គឺតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON)  ប្រធានាធិបតីបារាំង។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូល ស្តីពី ភពផែនដីតែមួយ ដែលជាព្រឹត្តិការណ៍សំខាន់មួយ របស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦នេះ។

កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបប្រជុំប្រមុខរដ្ឋ/ប្រមុខរដ្ឋរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។

គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងអញ្ជីញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម  កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល ស្តីពី សុខភាពតែមួយ (One Health Summit)  និងទស្សនកិច្ចការងារ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស, សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់នាំប្រទេសផ្សេងទៀតមួយចំនួនផងដែរ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនានា។

ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមនាយករដ្ឋមន្ត្រី