សហគ្រិនស្ត្រី បង្ហាញចក្ខុវិស័យពង្រឹងផលិតកម្មក្នុងស្រុកជូនរដ្ឋមន្ត្រីពាណិជ្ជកម្ម

លោកស្រី​ ​នុត​ ​សម្ផស្ស​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​L​S​V​ ​INDUSTRY បានបង្ហាញពីចក្ខុវិស័យក្នុងការពង្រឹងផលិតកម្មក្នុងស្រុក ដោយប្រើប្រាស់ធនធានធម្មជាតិក្នុងប្រទេស។ ការលើកឡើងនេះ ស្របពេលដែលលោកស្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ ខែមេសា។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនេះ លោកស្រី​ ​នុត​ ​សម្ផស្ស បានចែករំលែកអំពីវឌ្ឍនភាពនៃអាជីវកម្មរបស់ខ្លួន ការអភិវឌ្ឍផលិតផលកសិ-ឧស្សាហកម្ម ដែលផលិតនៅប្រទេសកម្ពុជា និងចក្ខុវិស័យក្នុងការពង្រឹងផលិតកម្មក្នុងស្រុកបន្ថែមទៀត ដោយប្រើប្រាស់ធនធានធម្មជាតិក្នុងប្រទេស។

សហគ្រិនស្ត្រីរូបនេះ បានលើកឡើងថា លោកស្រី ពិតជាទទួលបានក៏លើកទឹកចិត្តដោយក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក និងបង្កើតឱកាសបន្ថែមទៀតសម្រាប់សហគ្រាសកម្ពុជាក្នុងការរីកចម្រើន និងប្រកួតប្រជែងនៅក្នុងទីផ្សារ។

អគ្គ​នាយិកា​ក្រុមហ៊ុន​ ​L​S​V បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជាដោយបន្តច្នៃប្រឌិត បង្កើតការងារ និងគាំទ្រសហគមន៍ក្នុងស្រុក។ លោកស្រី ក៏បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្ត និងការគាំទ្ររបស់លោកជំទាវ ចម និម្មល ដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។

លោកជំទាវរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន​ ​L​S​V ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញចរន្តទីផ្សារក្នុងស្រុក ពិសេសផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។

លោកជំទាវ បានលើកទឹកចិត្តឱ្យក្រុមហ៊ុននេះ ចូលរួមជាមួយក្រសួងពាណិជ្ជកម្មលើគ្រប់សកម្មភាព ដើម្បីលើកស្ទួយផលិតផលជាតិដូចជា៖ ចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia ក្នុងការដាក់លក់ផលិតផលក្នុងស្រុកនៅតាមផ្សារទំនើបធំៗ ម៉ល ម៉ាត និងមីនីម៉ាត ជាដើម៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម