អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច​

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ហើយ UN ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញនេះ។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងនេះ ស្របពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១ ខែមេសានេះ បានអនុញ្ញាតឱ្យលោកស្រី Rabab Fatima អគ្គលេខាធិការរង UN និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូចៗ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ.

លោកស្រីអគ្គលេខាធិការរង UN បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានដាក់ចេញនូវផែនការអភិវឌ្ឍ និងការអភិរក្សបេតិកភណ្ឌ។

លោកស្រី បានបន្តថា អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច​ ហើយអង្គការសហប្រជាជាតិ ក៏បានបង្កើតក្រុមការងារចំពោះកិច្ច​ ដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។

លោកស្រី Rabab Fatima ក៏បានលើកឡើងដែរថា កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) តាមរយៈការវាយតម្លៃចំនួនពីរលើកកន្លងមក។ លោកស្រី ក៏បានគូសបញ្ជាក់ថា កម្ពុជាស្ថិតក្នុងដំណើរផ្លូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារចំពោះកិច្ច របស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដំណើរការចាកចេញពីក្រុមប្រទេស LDC របស់កម្ពុជា។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាក់ស្ដែង ដើម្បីកសាងភាពធន់របស់កម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើការអភិវឌ្ឍមូលធនមនុស្ស ការដាក់ចេញការកែទម្រង់វិស័យអប់រំ សុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោក និងការជំរុញភាពជាដៃគូជាមួយវិស័យឯកជន ជាដើម៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមនាយករដ្ឋមន្ត្រី