ក្រុមហ៊ុនផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្តមួយនៅខេត្តកោះកុង គ្រោងពង្រីករោងចក្របន្ថែម បន្ទាប់ពីមានវឌ្ឍនភាពល្អរយៈពេល ១៦ឆ្នាំកន្លងមកនេះ។

ដំណឹងនេះត្រូវបានលោក YOSHIMOTO ITO នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម YAZAKI Corporation. ជម្រាបជូនឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣១ ខែមីនានេះ។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជម្រាបជូនអំពីវឌ្ឍនភាពអភិវឌ្ឍ របស់ក្រុមហ៊ុននៅខេត្តកោះកុង ក្នុងការផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្ត និងគម្រោងពង្រីករោងចក្របន្ថែម ដែលគ្រោងនឹងចាប់ផ្ដើមផលិតកម្ម នៅចុងនៅឆ្នាំ២០២៧ខាងមុខនេះ។

ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះវត្តមានរបស់ក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ដែលក្រុមហ៊ុនបាននិងកំពុងបន្តវឌ្ឍនភាពជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។
ឯកឧត្តម បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងពង្រីកវិនិយោគបន្ថែមរបស់ក្រុមហ៊ុន ដែលនឹងអាចបង្តើតការងារជូនពលរដ្ឋប្រមាណ ១ ០០០នាក់ បន្ថែមលើការងារដែលមានស្រាប់នៅខេត្តកោះកុងប្រមាណ ២ ០០០នាក់។ នេះបានសបញ្ជាក់អំពីជំនឿទុកចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន មកលើរាជរដ្ឋាភិបាលកម្ពុជា ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមនានានៅក្នុងពិភពលោក និងក្នុងតំបន់ក្តី។

ជាការឆ្លើយតប លោក YOSHIMOTO ITO បានអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសជូនចំពោះឯកឧត្តមអគ្គលេខាធិការ ក៏ដូចជាសហការី ដែលតែងតែគាំទ្រក្នុងរាល់ដំណើរការផលិតកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀត នាពេលនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ គណៈកម្មាធិការវិនិយោគកម្ពុជា



