ទូតចិន៖ ចិននឹងបន្តផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា  

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ការផ្ដល់ជំនួយរបស់ចិនគាំទ្រដល់ការអភិវឌ្ឍកម្ពុជា នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដែលនេះបង្ហាញថា មិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ។

តាមដានជាមួយយើង៖ Million Times

ការបញ្ជាក់នេះ ស្របពេលដែលលោកចូលជួបសម្តែងការគួរសម និងជូនពរសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាព្រឹកថ្ងៃទី៣១ ខែមីនានេះ។

សម្តេចប្រធានរដ្ឋសភា បានរំលឹកពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងត្រូវបានពង្រឹង និងពង្រីកដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅគ្រប់ជំនាន់។ សម្តេចបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីជំនួយគាំទ្រដ៏មានតម្លៃរបស់ប្រទេសចិននោះ ឡើយ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ឯកអគ្គរដ្ឋទូតចិន បានធ្វើដំណើរទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមសម្ពោធសមិទ្ធផលនានា ដែលជាជំនួយរបស់មិត្តចិនចំពោះកម្ពុជា ដោយជំនួយរបស់ចិន បាននិងកំពុងជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ចំណែកលោក វ៉ាង វិនពីន បានថ្លែងថា មិត្តចិននឹងបន្តគាំទ្រដល់បុព្វហេតុអភិវឌ្ឍន៍នៅកម្ពុជា ហើយចំណងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ និងមិនត្រឹមតែជាពាក្យនិយាយប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញជាលទ្ធផលជាក់ស្តែង។

លោកឯកអគ្គរដ្ឋទូត បានប្រកាសថា ជំនួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា នឹងបន្តជាបន្តបន្ទាប់ រួមទាំងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ចិននឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យការពារជាតិកម្ពុជាផងដែរ។

លោក វ៉ាង វិនពីន មានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជា នឹងសម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសារតែកម្ពុជាមានសក្តានុពល និងប្រជាពលរដ្ឋមានសាមគ្គីភាពយ៉ាងរឹងមាំ៕

អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋសភា