អាជ្ញាធរខេត្តកំពត បានសាងសង់វិថីអាហាររួចរាល់ និងគ្រោងដំណើរការជាផ្លូវការនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី៣០ ខែមីនានេះ បានជួបសំណេះសំណាលជាមួយអាជីវករ និងដឹកនាំរៀបចំការចាប់ឆ្នោតជ្រើសរើសតូបលក់ដូរចំណីអាហារនៅលើ «វិថីអាហារ» ក្រុងកំពត។ វិថីអាហារនេះ មានតូបលក់ដូរសរុបចំនួន ៥២តូប ដោយមានការលក់ដូរមុខម្ហូបចម្រុះជាច្រើនមុខ។

អ្វីដែលពិសេសបំផុតនោះ គឺការដាក់បញ្ចូលនូវប្រភេទនំខ្មែរប្រពៃណី នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។

រដ្ឋបាលខេត្តកំពត បានលើកឡើងថា តាមរយៈវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារ ដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។

រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ចូលរួមគាំទ្រ និងទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារ ដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងទឹកដី «ក្រុងបេតិកភណ្ឌរស់រវើកជាមួយម្ហូបអាហារដ៏ឆ្ងាញ់ពិសារ» នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋបាលខេត្តកំពត



