មន្ត្រីកម្ពុជា​ ប្រជុំពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ លើគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវជាតិ

ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយលោកស្រី Christine HA ប្រធានក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)  ដើម្បីពិនិត្យ និងវាយតម្លៃលើគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវជាតិ ស្តីពី បញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្នុងកិច្ចពិភាក្សារយៈពេល ៣ថ្ងៃនេះ បានពិភាក្សាអំពីផែនការសកម្មភាពលម្អិតនៃគម្រោង និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង ព្រមទាំងប្រមូលធាតុចូល និងអនុសាសន៍ផ្សេងៗ លើកម្មវិធីគោលទាំងពីរនៃគម្រោង។ 

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិ ស្តីពីបញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជា គឺជាការងារអាទិភាពបំផុតមួយរបស់ក្រសួង ក្រោមការចង្អុលបង្ហាញពីសម្តេចនាយករដ្ឋមន្រ្តី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មតជាតិ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ដើម្បីជំរុញការចាប់យកនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) សំដៅរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ស្របតាមការវិវត្តយ៉ាងលឿននេះបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI)។

គម្រោងនេះ នឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធរួម (Shared and Sovereign Infrastructure) អាចឱ្យក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ វិស័យឯកជន និងធុរកិច្ចថ្មីឌីជីថល ប្រើប្រាស់ឧបករណ៍គណនាកម្រិតខ្ពស់ (High Performance Computing Cluster) និងមានអ្នកជំនាញ AI គាំទ្រផ្នែកបច្ចេកទេស។

នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងលោកស្រី Christine Ha ឯកភាពគ្នាបន្តសហការក្នុងការរៀបចំ និងការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិ ស្តីពី បញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្រ្តទិន្នន័យនេះ តាមផែនការដែលបានគ្រោងទុក៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍