ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឯកឧត្តម ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី បានបញ្ចប់ដោយជោគជ័យនូវការដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវដែកទាំង ២ខ្សែ គឺផ្លូវដែកភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) និងផ្លូវដែកភាគខាងជើង (ភ្នំពេញ-បោយប៉ែត)។ នេះបើតាមការឱ្យពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា ផ្លាកសញ្ញាដែលត្រូវដំឡើងមានចំនួន ៩៨១ទីតាំង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ចំណែកឯក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ ក៏បានធ្វើសារអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវដែកជាច្រើន និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរ។

គួរឱ្យដឹងថា ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ បង្កើនការដាក់ឆ្មាំរបារនៅតាមទីតាំងចំណុចប្រសព្វ ដោយជ្រើសរើសបន្ថែមនូវប្រជាជនមូលដ្ឋាន ជាពិសេសប្រជាការពារ ដើម្បីផ្ដល់សញ្ញា បិទផ្លូវ និងសម្របសម្រួលចរាចរណ៍នៅពេលមានរថភ្លើងធ្វើដំណើរឆ្លងកាត់។

បន្ថែមលើនេះ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េល ត្រូវពិនិត្យឡើងវិញលើចម្ងាយដែលត្រូវបំពាក់ផ្លាកសញ្ញា នៅតាមបណ្តោយផ្លូវដែក ដើម្បីឱ្យអ្នកបើកបររថភ្លើងអាចមានពេលវេលាស៊ីផ្លេ ផ្តល់សញ្ញាបានយូរជាងមុន មុននឹងធ្វើដំណើរមកដល់ទីតាំងចំណុចប្រសព្វ ហើយអ្នកប្រើប្រាស់ផ្លូវថ្នល់ឆាប់បានដឹង និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ក្នុងការឈប់ ដើម្បីឱ្យរថភ្លើងឆ្លងកាត់។

ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់វិធានការភ្លាមៗក្នុងការលើកផ្លាកសញ្ញាព្រមានលើផ្លូវថ្នល់បន្ថែមឱ្យបានច្រើនជាងមុន អំពីផ្លូវរថភ្លើងឆ្លងកាត់នៅតាមទីតាំងចំណុចប្រសព្វសំខាន់ៗ ដើម្បីផ្ដល់សញ្ញា និងជូនដំណឹងដល់អ្នកធ្វើដំណើរតាមដងផ្លូវថ្នល់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េល ត្រូវសហការជិតស្និទ្ធជាមួយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជួន ដើម្បីបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបង្កើនការអប់រំដល់ប្រជាជនទូទៅក្នុងការគោរពផ្លាកសញ្ញាព្រមាន និងបង្កើនការប្រុងប្រយ័ត្ននៅតាមផ្លូវដែលមានរថភ្លើងឆ្លងកាត់៕
អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្ដម ផន រឹម



