២ខែដើមឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប នាំចេញបានជាង ៣០០លានដុល្លារ កើនឡើងជិត១៤%

ក្នុងរយៈពេល ២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០២៦នេះ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) មានចំនួន ៣២៥,៣៦លានដុល្លារ កើនឡើង១៣,៨% ឬស្មើជាង ៤០លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ដែលការនាំចេញមានចំនួន ២៨៥,៨៧ដុល្លារ។

តាមដានជាមួយយើង៖ Million Times

កាលពីឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសមួយនេះ បានកត់ត្រាចំណូលសរុបចំនួនទឹកប្រាក់ ៤១,២ លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធចំនួន ៨,១លានដុល្លារអាមេរិក ដែលស្មើនឹងអត្រាផលចំណេញសុទ្ធ ១៩,៧% ដ៏ល្អប្រសើរ។

ចំពោះនិន្នាការកើនឡើង នេះឆ្លុះបញ្ចាំងពីការពង្រីកសមត្ថភាពផលិតកម្មជាបន្តបន្ទាប់ និងការពង្រឹងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់។ នេះបើតាមការបង្ហោះនៅលើហ្វេសប៊ុក Royal Group Phnom Penh SEZ កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ។

RGPPSEZ នៅតែជាអ្នករួមចំណែកដ៏សំខាន់មួយ ចំពោះការបង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេស បា​នផ្តល់ឱកាសការងារដល់កម្មករ-កម្មការិនីចំនួន ៥៥ ៩៣៥នាក់ ដែលគាំទ្រដល់ជីវភាពរស់នៅ និងរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមានប្រសាសន៍ថា ការរីកចម្រើនជាបន្តបន្ទាប់ និងប្រតិបត្តិការឈានទៅមុខជាលំដាប់របស់ RGPPSEZ គឺបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលតំបន់សេដ្ឋកិច្ចពិសេសរបស់លោក បានទទួលពីវិនិយោគិន និងការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងតំបន់នេះ។

ក្នុងនាមជាអ្នកជំនួញមួយរូប អ្នកឧកញ៉ា គិត ម៉េង មោទនភាពជាខ្លាំងក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយការគាំទ្រដល់ការពង្រីកវិស័យឧស្សាហកម្ម កំណើនពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ។

ដោយសម្លឹងទៅមុខជានិច្ច អ្នកឧកញ៉ា បានប្តេជ្ញាចិត្តក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបន្ថែមទៀត ពង្រឹងគុណភាព សេវាកម្ម និងទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់៕

អត្ថបទ៖ វីរៈ រូបភាព៖ Royal Group Phnom Penh SEZ