ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ ជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិន នៅកម្ពុជា

ដោយភ្លាប់រូបថតរបស់ខ្លួនដែលថតនៅលើស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ។

តាមដានជាមួយយើង៖ Million Times

លោកឯកអគ្គរដ្ឋទូតចិន បានបង្ហោះសារនៅលើហ្វេសប៊ុកថា នេះគឺជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

លោកបន្ថែមថា វានឹងក្លាយជាស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់ផ្លូវជាតិលេខ ៦ និង ៧ ហើយដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា។

លោក វ៉ាង វិនពីន បានបន្ថែមថា ស្ពាន និងផ្លូវថ្នល់ដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា នៅតែបន្តពង្រីកឥតឈប់ឈរ ហើយការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នៅតែបន្តឆ្ពោះទៅមុខឥតឈប់ឈរ។

គិតត្រឹមពាក់កណ្ដាលខែមីនា ឆ្នាំ២០២៦ ការងារសាងសង់តួស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបានប្រមាណ ៩៩,៨% ខណៈដែលវឌ្ឍនភាពគម្រោងទាំងមូល រួមទាំងការសាងសង់ផ្លូវតភ្ជាប់ សម្រេចបានប្រមាណ ៩៧%។

ស្ពាននេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ ទៅកាន់ភូមិភាគឦសាន បានកាន់តែងាយស្រួលបន្ថែមទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ លោក វ៉ាង វិនពីន