រដ្ឋមន្ត្រីធនធានទឹក ណែនាំមន្ត្រីរបស់ខ្លួនឱ្យប្រើប្រាស់ថាមពលសន្សំសំចៃខ្ពស់បំផុត

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន​ ប្រើប្រាស់ថាមពលសន្សំសំចៃខ្ពស់បំផុត ដើម្បីធានាថា ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រនៅតែអាចដំណើរការទៅបានដោយរលូន។

តាមដានជាមួយយើង៖ Million Times

ការណែនាំនេះ ស្របពេលដែលឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សា និងវាយតម្លៃលើស្ថានភាពរីករាលដាល នៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កឱ្យមានការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារសកល នៅថ្ងៃទី២៣ ខែមីនានេះ។

កិច្ចប្រជុំនេះ បានផ្ដោតសំខាន់ទៅលើការសិក្សាពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មកលើគម្រោងវិស្វកម្ម ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងការងារអន្តរាគមន៍នានា ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានណែនាំឱ្យគ្រប់នាយកដ្ឋាន និងមន្ទីរជំនាញទាំងអស់ប្រើប្រាស់ទឹក និងថាមពលដោយមានភាពសន្សំសំចៃខ្ពស់បំផុត និងកាត់បន្ថយការចំណាយមួយចំនួន ដែលពុំចាំបាច់ដើម្បីជួយសន្សំការចំណាយ ដើម្បីធានាថា ការងារសាងសង់ និងថែទាំប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស នៅតែអាចដំណើរការទៅបានដោយរលូន ទោះបីជាស្ថិតក្នុងសម្ពាធនៃវិបត្តិថាមពលក៏ដោយ។

ម្យ៉ាងទៀត ក៏ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការត្រៀមលក្ខណៈកែសម្រួលវិធានការបច្ចេកទេសឱ្យស្របតាមស្ថានភាពជាក់ស្តែង សំដៅការពារផលប្រយោជន៍របស់ប្រជាកសិករ និងធានាសុវត្ថិភាពសន្តិសុខទឹក ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងមានភាពប្រែប្រួលខ្លាំង៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម