នាយករដ្ឋមន្ត្រី បង្ហាញពីវិធានការជួយសម្រួលការលំបាកពលរដ្ឋដោយសារប្រេងឡើងថ្លៃ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញអំពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដោយសារប្រេងឥន្ធនៈឡើងថ្លៃ។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែមីនានេះ សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរឱ្យដឹងថា ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កឱ្យមានការកើនឡើង នៃតម្លៃប្រេងឥន្ទន:ជាសាកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបានអនុវត្តរួចហើយយរួមមាន៖

១/ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ

២/ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល

៣/ ពន្ធគយ ០ (សូន្យ) គឺជាការមិនយកពន្ធគយលើការនាំចូល

ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ ដែលរួមមាន៖

១/ បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ

២/ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង

៣/ បញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។

បន្ថែមលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារ ដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាពដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម ក្នុងករណីចាំបាច់ឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម