ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើឱ្យប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិកទាំងអស់ ចូលរួមលុបបំបាត់ Online Scam ឱ្យអស់ពីកម្ពុជា។ ការស្នើនេះ ស្របពេលដែលឯកឧត្ដមរដ្ឋមន្ត្រី បានជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទាំងនោះ កាលពីថ្ងៃទី១៩ ខែមីនា។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ឡើងវិញពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបានស្នើឱ្យប្រតិបត្តិករទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការលុបបំបាត់អំពើខុសច្បាប់នេះ ឱ្យអស់ពីកម្ពុជា។

បើតាមឯកឧត្ដមរដ្ឋមន្ត្រី ប្រតិបត្តិករទាំងអស់ អាចចូលរួមតាមរយៈការតាមដានទីតាំងប្រើប្រាស់ចំណុះសមត្ថភាពអ៊ីនធឺណិតខ្ពស់ ដែលមានការសង្ស័យថា ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកាត់ផ្តាច់ទាំងស្រុងនូវការផ្គត់ផ្គង់សេវាដល់ទីតាំងប្រព្រឹត្តបទល្មើស តាមការតម្រូវដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាជ្ញាធរមានសមត្ថកិច្ច។

ម្យ៉ាងទៀត ប្រតិបត្តិករទាំងអស់ ក៏អាចចូលរួមតាមរយៈការបន្តពង្រឹងការអនុវត្តវិធានការគ្រប់គ្រង ការប្រើប្រាស់ស៊ីម ការលុបចោលនូវស៊ីមដែលគ្មានអត្តសញ្ញាណច្បាស់លាស់ និងការប្រើប្រាស់ស៊ីមរ៉ូមីងពីបរទេស, ការពង្រឹងវិធានការសន្តិសុខសាយប័រដើម្បីការពារប្រព័ន្ធឌីជីថល និងការចូលរួមអនុវត្តវិធានការរដ្ឋបាល ឬបច្ចេកទេសផ្សេងទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ប្រតិបត្តិករ ដែលបានអញ្ជើញមកចូលរួមនៅក្នុងជំនួបពិភាក្សាការងារនេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រប់ពេលវេលាក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ហើយបានបានលើកឡើងមតិយោបល់មួយចំនួន ដែលជាធាតុចូលសម្រាប់ការចូលរួមអនុវត្តគោលនយោបាយនេះ ក៏ដូចជាមតិយោបល់ទូទៅមួយចំនួនទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យទូរគមនាគមន៍ផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


