ពីនេះទៅមុខការធ្វើផ្ទះ មិនមែនគ្រាន់តែសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ តម្លៃនៃគ្រួសារ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ចាប់ពីនេះទៅមុខ ការធ្វើផ្ទះ មិនមែនគ្រាន់តែសង់ផ្ទះប៉ុណ្ណោះទេ តែត្រូវគិតគូរពីចំណុចមួយចំនួនទៀត។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងនេះ បានធ្វើឡើងក្នុងវេទិកា ស្ដីពី ការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ដ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ដ និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក្រោមជំនួយរបស់ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៨ ខែមីនា។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ដ និងបុរីជនបទ គឺជាទិសដៅការងារ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញជាត្រីវិស័យតម្រង់ទិសសង្គមជាតិទាំងមូល និងដើម្បីធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូប មានលំនៅឋានសមរម្យសម្រាប់រស់នៅ។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ពីនេះទៅមុខ ការធ្វើផ្ទះ មិនមែនគ្រាន់តែសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ តម្លៃនៃគ្រួសារ និងគុណតម្លៃនៃជីវិត ដែលបង្កលក្ខណៈឱ្យក្រុមគ្រួសារ ឪពុកម្តាយ កូនចៅ និងជីដូនជីតា អាចរស់នៅជួបជុំជាទ្រនំសុភមង្គល។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធជួយគ្នា ដើម្បីឱ្យប្រជាជន អាចរក្សាប្រាក់ចំណូល បង្កើនប្រាក់សន្សំ និងបន្ថយបំណុលគ្រួសារ ដែលជាកត្តាធ្វើឱ្យលំនៅឋានរុងរឿងជាងមុន និងកកើតច្រើនជាងមុន៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី