ក្រសួងកសិកម្ម បញ្ជាក់ពីផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ជី និងថ្នាំកសិកម្ម

បន្ទាប់ពីមានការផ្សព្វផ្សាយថា កម្ពុជាបាននាំចូលជី និងថ្នាំកសិកម្ម ក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះនោះ, ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ចំពោះតួលេខនេះ។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩ ៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជាទាញយកចំណូលពីការនាំចេញកសិផលរហូតដល់ទៅ ៥ ៦២៥ លានដុល្លារផងដែរ។

ក្រសួងកសិកម្ម ក៏បានរូបភាពបង្ហាញដោយពន្យល់ពីភាពចាំបាច់ដែលកម្ពុជា ត្រូវការនាំចូលធាតុចូលកសិកម្ម ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងការពារដំណាំពីសត្វល្អិតចង្រៃឬជំងឺផ្សេងៗ បន្ថែមពីលើអ្វីដែលយើងមានសមត្ថភាពផលិតបាននៅក្នុងស្រុកដោយខ្លួនឯង។

នៅក្នុងរូបភាពនោះ បានបង្ហាញថា ផលសេដ្ឋកិច្ចបានមកពីការនាំចូលជី-ថ្នាំកសិកម្មសម្រាប់កម្ពុជា ក្នុងឆ្នាំ២០២៥ រួមមានទៅលើដំណាំស្រូវ, ដំណាំឧស្សាហកម្ម, ដំណាំសាកវប្បកម្ម និងដំណាំកៅស៊ូ។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងបន្ថែមថា ការនាំចូលធាតុចូលកសិកម្ម មិនមែនជាការខាតបង់នោះទេ ជាពិសេសការនាំចូលនូវអ្វីដែលយើង នៅមិនទាន់មានសមត្ថភាពផលិតបាននៅឡើយ ដូចជាជីថ្នាំគីមីជាដើម។ ផ្ទុយទៅវិញ វាគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិយ៉ាងធំធេង៕ 

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម