CIFF តែងតាំងសេដ្ឋិនី ម៉ៅ ចំណាន ជា «អភិបាលកិត្តិយស» នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ជា​ស្ត្រី​ខ្មែរដំបូង​ទី​១ ដែល​ទទួល​បាន​ការ​តែងតាំង​ជា «អភិបាល​កិត្តិយស» ក្នុង​ព្រឹត្តិការណ៍​មហោស្រពភាពយន្ត​អន្តរជាតិ CIFF ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ទទួល​យក​តួនាទី​ជា​អភិបាល​កិត្តិយស​នៃ​មហោស្រព​ភាពយន្ត។ ក្នុង​នាម​ជា​អភិបាល​កិត្តិយស​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សេដ្ឋិនី ម៉ៅ ចំណាន ដើរតួ​ជា​អ្នក​លើកស្ទួយ​សិល្បៈ​ឈានមុខ​មួយ​រូប ដើម្បី​ជំរុញ​ការ​រីកចម្រើន​នៃ​ឧស្សាហកម្ម​ភាពយន្ត​ដ៏​រឹងមាំ និង​ប្រកប​ដោយចីរភាពនៅកម្ពុជាដោយ​លើក​កម្ពស់​វិស័យ​សិល្បៈថាជាផ្នែកមួយ ដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងនិងអត្តសញ្ញាណជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។

មិន​ធ្លាប់​មាន​ឡើយ​ក្នុង​ការ​ផ្ដល់​តំណែង​ជា «អភិបាល​កិត្តិយស» ជូន​ដល់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី១៥ ក្នុង​ឆ្នាំ ២០២៦ នេះ។

ដ្បិត​ថា​តួ​នាទី​ជា អភិបាល​កិត្តិយស នេះ​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​វិស័យ​វប្បធម៌ និង​ឧស្សាហកម្ម​ច្នៃ​ប្រតិដ្ឋ​របស់​កម្ពុជា ជាមួយ​គ្នា បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រួម​ចំណែក​យ៉ាង​សំខាន់​នៃ​វិស័យ​ទាំង​នេះ​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​ខាង​មុខ។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី១៥ ជា​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​របស់​កម្ពុជា លើ​វិស័យ​ភាពយន្ត ទាំង​ក្នុង​និង​ក្រៅ​ស្រុក ហើយ​លើក​នេះ នឹង​មាន​ការ​ប្រមូល​ផ្ដុំ​ភាពយន្ត​ជាតិ​និង​អន្តរជាតិ ប្រមាណ ១៥០ រឿង មក​ពី ៤០ ប្រទេស​ផ្សេង​គ្នា​ពី​ជុំ​វិញ​ពិភពលោក ព្រឹត្តិការណ៍​ភាពយន្ត​ប្រចាំ​ឆ្នាំ​នា​លើក​នេះ ត្រៀម​រៀប​ចំ​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់ ២៩ ខែ មីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ ឆដា, រូបភាព៖ Royal Group of Companies, សមាគម​សិល្បករ​ខ្មែរ